Home សង្គម មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ ការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ សម្រេចបាន ៥៥% ហើយ

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ ការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ សម្រេចបាន ៥៥% ហើយ

0

ភ្នំពេញ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៦ ខែធ្នូនេះ បានឱ្យដឹងថា រយៈពេល ៥ថ្ងៃ គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។

ជាលទ្ធផលក្នុងរយៈពេល ៥ថ្ងៃនេះ ក្រុមការងារសម្រេចការកំណត់និយាមកា និងបោះបង្គោលបានទាំងស្រុងនៃផែនទីសន្លឹកទី១ និងទី២ និងផែនទីសន្លឹកទី៣ និងភាគច្រើននៃផែនទីសន្លឹកទី៤ ដែលទាំងអស់សរុបបាន ៧៨ ចំណុចនៃចំណុចដែលគ្រោង ១៤២ ដែលស្មើនឹងជិត ៥៥% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។

គួរបញ្ជាក់ផងដែរថា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ការដ្ឋានព្រែកជីកហ្វូណនតេជោ ត្រូវបានចាប់ផ្តើមជា​ផ្លូវការ​​ហើយក្រោមសម្រែកសាទរយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋខ្មែរមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ រួមទាំងពលរដ្ឋខ្មែរនៅក្រៅប្រទេសផងដែរ។

ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច​ចាប់​ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីដែលប្រព្រឹត្តឡើងយ៉ាងមហោឡារិកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីដ៏មហារីករាយ​នេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។

គម្រោងព្រែកជីកហ្វូណននេះ ជាគម្រោងដែលទាញសមុទ្រ ឱ្យជាប់ទន្លេ។ ការសិក្សាវិភាគក៏បានគូសបញ្ជាក់ឱ្យឃើញផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់អត្ថប្រយោជន៍​ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា រួមមានដូចជា៖ ១)ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក, ២)កាត់បន្ថយថ្លៃដើម ចម្ងាយ និងពេលវេលានៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ, និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត, ៣)កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន, ៤) ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី, ៥)បង្កើតជម្រកថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេសអាចទទួលបានទិន្នផល ត្រីជាមធ្យមប្រមាណ ១ ០០០តោន ក្នុងមួយឆ្នាំ ដែលអាចឱ្យប្រជាពលរដ្ឋប្រមាណជាង ១,៦លាននាក់ រស់នៅអមសងខាងព្រែកអាស្រ័យផលជាប្រចាំ, ៦) ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមាសម្រាប់ខេត្តភាគខាងកើត និងភាគនិរតីរបស់កម្ពុជា, ៧)ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណជាង ១ម៉ឺននាក់ សម្រាប់ចូលរួមដំណើរការសាងសាង់ព្រែកជីកនេះ និងអាចបង្កើតការងារជាងរាប់សិបម៉ឺននាក់ នៅក្រោយពេលសាងសង់រួច និង ៨) ផ្តល់អត្រាផល ចំណេញសេដ្ឋកិច្ចខ្ពស់ (EIRR) ពី ២០ភាគរយ ទៅ ៣១ភាគរយ ខ្ពស់ជាងអត្រាមធ្យម ១២ភាគរយ ដែលត្រូវបានកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ៕

Previous articleរដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កន្លងមកគុណភាពខ្យល់នៅកម្ពុជា ស្ថិតនៅក្នុងកម្រិតមិនមានការបំពុលគួរឱ្យគាត់សម្គាល់ឡើយ
Next articleឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញបើកសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤