សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ «យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»មានគោលដៅចម្បងចំនួន ២

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានមានប្រសាសន៍ថា បទពិសោធផ្ទាល់របស់កម្ពុជា ជាពិសេសក្នុងកំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានបង្ហាញឱ្យឃើញថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធងាយរងគ្រោះនិងងាយទទួលរងផលប៉ះពាល់ខ្លាំងជាងគេក្នុងគ្រាមានវិបត្តិ ខណៈដែលរាជរដ្ឋាភិបាលជួបការលំបាកក្នុងការកំណត់អត្តសញ្ញាណ និងដាក់ចេញនូវវិធានការគាំទ្រឱ្យចំគោលដៅ។ក្នុងស្មារតីនេះ, ស្របតាមអាទិភាពជាយុទ្ធសាស្រ្តទី១ ដោយមានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋ-កិច្ចក្រៅប្រព័ន្ធ ជាសេនាធិការ បានផ្តួចផ្តើម និងរៀបចំបង្កើតឱ្យមាន «យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» មានគោលដៅចម្បងចំនួន ២។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ«ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា គោលដៅចម្បងចំនួន២នោះគឺ៖ ទី១.ការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ: រាជរដ្ឋាភិបាល យល់ច្បាស់ថា លទ្ធភាព និងសមត្ថភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមានកម្រិត ហើយការបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានក៏នៅពុំទាន់អាចធ្វើទៅបាន និងត្រូវមានបន្ទុកចំណាយ។ បន្ថែមលើនេះ, អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ មិនទាន់ស្ថិតក្រោមការគ្រប់គ្រង និងការទទួលស្គាល់ ដោយយន្តការនៃក្រសួង-ស្ថាប័នណាមួយនៅឡើយ។

ជាក់ស្តែង, អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្នាតមីក្រូ ដែលមិនមានទីតាំងជាក់លាក់ មិនអាចស្នើសុំលិខិតអនុញ្ញាតផ្សេងៗ ពីយន្តការច្រកចេញ-ចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឬ ក្រសួង-ស្ថាប័នណាមួយនៅឡើយ ។ ក្នុងន័យនេះ, យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានបង្កើតឡើងជាយន្តការថ្មី ដែលបំពេញបន្ថែមលើយន្តការដែលមានស្រាប់ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បី, ម្យ៉ាង, អនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចបំពេញបាន ដោយរលូន ងាយស្រួល រហ័ស និងឥតគិតថ្លៃសេវា; និងម្យ៉ាងទៀត, អនុញ្ញាតឱ្យរាជរដ្ឋាភិបាល ដាក់ចេញនូវការគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចំគោលដៅ ជាពិសេសក្នុងគ្រាមានវិបត្តិ។

ទី២.ការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋ-កិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល ទើបបានអនុម័ត «អនុក្រឹត្យ ស្តីពីការចុះឈ្មោះអ្នក-សេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅពេលថ្មីៗនេះ ដើម្បីឱ្យការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអានុភាពគតិយុត្ត ក្នុងកម្រិតមួយ ដែលក្រសួង ស្ថាប័ន អាចទទួលយកបាន សម្រាប់ផ្តល់ការគាំទ្រនានា។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះ នឹងទទួលបាន «វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»ក្នុងទម្រង់ឌីជីថលតាមថ្នាលឌីជីថល ដែលអាចរក្សាទុក ឬបោះពុម្ពជាសន្លឹក សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែងរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕