បណ្តាញសង្គមត្រូវបានគេប្រើប្រាស់ដើម្បីផលប្រយោជន៍តូច ប៉ុន្តែប៉ះពាល់យ៉ាងធំដល់សន្តិសុខសង្គម

0

ភ្នំពេញ៖ ថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយបានចែករំលែកព័ត៌មានស្តីពីការបាក់ស្រុតអគារកម្ពស់៧ជាន់សង្កត់មនុស្សនៅខេត្តកែប។

បន្ទាប់មកមានហ្វេសប៊ុកមួយទៀតបានចែករំលែកព័ត៌មានស្តីពីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការ។ ភ្លាមៗនោះស្រាប់តែរដ្ឋបាលខេត្តកែប និងក្រសួងអប់រំ បានចេញលិខិតបដិសេធ២ផ្សេងដាច់ពីគ្នាដោយថា នោះជាព័ត៌មានមិនពិត។

រដ្ឋបាលខេត្តកែបបានបកស្រាយថា ព័ត៌មានស្តីពីការបាក់ស្រុតអគា៧ជាន់នោះ គឺជាព័ត៌មានចាស់កាលពីថ្ងៃទី៣មករាឆ្នាំ២០២០។ ចំណែកឯក្រសួងអប់រំបានបំភ្លឺថា ក្រសួងអប់រំ យុវជន និងកីឡា មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។

ក្រុមប្រឌិតរឿងនេះ ធ្វើឡើងដើម្បីចង់ចំណេញផ្នែកនយោបាយ ខណៈមួយក្រុមទៀតជាអ្នករកចំណូលពីហ្វេសបុកនិងយូធូប គ្រាន់តែចង់អោយមាតិការរបស់ខ្លួនផ្ទុះតាមរយៈស៊ែរនិងចំនួនអ្នកចូលមើល(View)តែប៉ុណោះ។

ប៉ុន្តែបើយើងពិនិត្យមើលអំពីឥទ្ធិពលរបស់ព័ត៌មានបាក់ស្រុតអគារ៧ជាន់សង្កត់មនុស្ស និងព័ត៌មានស្តីពីការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការវិញ បានធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រលំ។

សូមបញ្ជាក់ថា បន្ទាប់ពីបណ្តាញទំនាក់ទំនងសង្គមជាច្រើនបានបង្កើតឡើង មានហ្វេសប៊ុក យូធូប តេឡេក្រាម និង TikTok ជាដើម វាបានក្លាយជាមធ្យោបាយងាយស្រួលនិងមានប្រសិទ្ធភាពនៅក្នុងការបង្ហោះព័ត៌មានប្រឌិត និងភូតភរទាំងនោះ។

គិតត្រឹម៩ខែដើមឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានកត់ត្រាឃើញ មាន៩៨៥មាតិការ គឺជាព័ត៌មានក្លែងក្លាយ។ ដើម្បីតទល់ជាមួយនឹងលំហូរព័ត៌មានក្លែងក្លាយនេះកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន។ បន្ទាប់មករដ្ឋាភិបាលបានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណៈមតិ ដែលមានភារកិច្ចជម្រុះចោលព័ត៌មានក្លែងក្លាយ ជួយបន្សាបព័ត៌មានក្លែងក្លាយនេះចេញពីអារម្មណ៍ប្រជាពលរដ្ឋនិងជួយសម្របសម្រួលឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៍មានបានស្នើឱ្យរួមគ្នាឆ្លើយតបបញ្ហាប្រឈមនៃព័ត៍មានក្លែងក្លាយ ស្របពេលដែលបញ្ញា សិប្បនិម្មិតនិងបច្ចេកវិទ្យាឌីជីថល មានការរីកចម្រើនយ៉ាងឆាប់រហ័ស ។

ឯកឧត្តម បានលើកឡើងថា មនុស្សអាចប្រើប្រាស់បច្ចេកវិទ្យាឱ្យបានល្អ និង បង្កើតក្របខណ្ឌពិនិត្យផ្ទៀងផ្ទាត់ព័ត៍មាន តាមរយៈមធ្យោបាយ ដូចជា ការពិនិត្យផ្ទៀងផ្ទាត់ព័ត៍មានឆ្លាតវៃ ការផ្ទៀងផ្ទាត់ទិន្នន័យ ឆ្លាតវ័យ និងការឆ្លើយតបពីអ្នកប្រើប្រាស់ជាដើម ដើម្បីពង្រឹងសមត្ថភាពចាប់ និងទប់ទល់ព័ត៌មានក្លែងក្លាយ ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋគឺជាអ្នកមានតួនាទីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលមិនអាចខ្វះបាន។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ជាអ្នកប្រឆាំងនឹងព័ត៌មានក្លែងក្លាយម្នាក់ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួន ដោយបោះបង់ចោលទម្លាប់ចែកចាយព័ត៌មានលឿនពេក ឬចែកចាយដោយមិនទាន់បានអានចប់ត្រឹមត្រូវ និងផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិន។ទន្ទឹមនេះ កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ តែត្រូវផ្ទៀងផ្ទាត់ជាមួយកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាន និងប្រភពផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត និងត្រឹមត្រូវ ។

សូមបញ្ជាក់ថា ប្រភពព័ត៌មានដែលជឿជាក់១០០ភាគរយ គឺប្រភពព័ត៌មានចេញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល មានវិទ្យុជាតិ ទូរទស្សន៍ជាតិ អគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង MoINFO APP ជាប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិត និងឌីជីថលរបស់ក្រសួងព័ត៌មាន ដែលផ្សាយតាមរយៈ ៖

Website , កម្មវិធីទូរសព្ទដែ (APP ក្រសួងព័ត៌មាន), Facebook Page,Telegram Channel,YouTube Channel,Tiktok,Instagram,LinkedIn,Twitter, និង ទូរទស្សន៍ឌីជីថល ក្រសួងព័ត៌មាន(MoINFO TV) ដែលជាព័ត៌មាន ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន៕