ភ្នំពេញ៖ ផលិតផលខ្មែរជាច្រើនមុខ បានដាក់បង្ហាញនៅក្នុង “ពិព័រពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០២៤” ដែលកំពុងប្រព្រឹត្តិទៅរយៈពេល ៤ ថ្ងៃ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរី ប៉េងហួតបឹងស្នោ រាជធានី ភ្នំពេញ ដែលបានរៀបចំសម្ភោធក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ធ្នូ។ ចូលរួមគាំទ្រផលិតផលខ្មែរ គឺជួយបង្កើតការងារ និងជួយលើកស្ទួយសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋខ្មែរ។
សូមបញ្ជាក់ថា ពិព័រណ៍ ពាណិជ្ជកម្ម កម្ពុជា ឆ្នាំ២០២៤ នេះ រៀបចំធ្វើឡើង ក្នុងគោលបំណងតាំងបង្ហាញ ផលិតផល ដែលមានគុណភាពខ្ពស់ របស់កម្ពុជា ទំនិញនាំចេញ- នាំចូល សំខាន់ៗ និង សេវាកម្ម ដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។
ជាងនេះទៅទៀត គឺជំរុញ សកម្មភាព ពាណិជ្ជកម្ម កម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាស ធុរកិច្ច និងវិនិយោគព្រមទាំងជំរុញការនាំចេញ- នាំចូល និង ការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងអ្នកតាំង ពិព័រណ៍ ក្នុងស្រុក និង អន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និង អ្នកចូលរួមពិព័រណ៍។ តួយ៉ាងគេបានឃើញមាន ការតាំងបង្ហាញផលិតផលរបស់ខ្មែរជាច្រើនមុខ មានដូចជាចំណីអាហារ សម្លៀកបំពាក់ គ្រឿងអលង្ការ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងគ្រឿងតុបតែងលម្អ ដែលធ្វើឡើងដោយដៃ ។ល។
ក្រៅតែពីការតាំងបង្ហាញផលិតផលជាច្រើនរយមុខហើយនោះ “ពិព័រពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០២៤” ក៏មានការចូលរួមតាំងបង្ហាញពីសំណាក់ក្រុមហ៊ុនសេវាកម្មធំៗជាច្រើនផងដែរ ដូចជាធនាគារ ធានារ៉ាប់រង និងក្រុមហ៊ុនបម្រើលើវិស័យទូរគមនាគន៍ជាដើម ។
សូមជម្រាបថា “ពិព័រពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០២៤” ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្ម ដ៏សម្បូរបែប ក៏ជាវេទិកាសម្រាប់ពង្រឹង ទំនាក់ទំនង ពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយទីផ្សារសកលផលិតផល របស់ដៃគូអន្តរជាតិរបស់កម្ពុជា ផងដែរ ពោលគឺ ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី៕