ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា គេមិនត្រូវយកករណីបាត់បង់ជីវិតរបស់អ្នកសារព័ត៌មានអនឡាញនៅខេត្តសៀមរាប លោក ឈឿង ឈឹង មកប្រើប្រាស់ដើម្បីកេងចំណេញផ្នែកនយោបាយរបស់ក្រុមណាមួយឡើយ ដោយទុកភារកិច្ចអនុវត្តច្បាប់ជូនតុលាការក្នុងការអនុវត្តទៅតាមនីតិវិធីក្នុងក្របខណ្ឌច្បាប់ជាធរមាន។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពីមានលើកឡើងប្រាស់ចាកពីការពិតដែលនាំឲ្យមានការភាន់ច្រឡំដល់សាធារណជន។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងអំណអរគុណដល់អង្គការសង្គមស៊ីវិលដែលបានយកចិត្តទុកដាក់ចំពោះករណីឃាតកម្ម ដោយការលបលួបបាញ់លើអ្នកកាសែតរបស់យើង។
ទន្ទឹមនេះ កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាបបានធ្វើសន្និសីទសារព័ត៌មានមួយនៅសាលាដំបូងខេត្តសៀមរាប ដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបានប្រកាសជាសាធារណៈថា អ្នកសារព័ត៌មានឈ្មោះឈឿង ឈឹងត្រូវបានគេសម្លាប់ក្រោមហេតុផលនៃទំនាស់រវាងបុគ្គលផ្ទាល់ពាក់ព័ន្ធទៅនឹងទារប្រាក់ជាថ្នូរនិងការមិនចុះផ្សាយនិងការមិនរាយការណ៍ទៅកាន់មន្ត្រីបរិស្ថាន។ឯកឧត្តមព្រះរាជអាជ្ញា បានបញ្ជាក់ថា យុត្តិធម៌សម្រាប់ជនរងគ្រោះមានជាបណ្ដើរៗហើយដោយជនល្មើសត្រូវបានចាប់ខ្លួននិងកំពុងឃុំឃាំង។
ទន្ទឹមនេះអយ្យការនឹងបន្តជំហរក្នុងការអនុវត្តច្បាប់មិនត្រឹមតែក្នុងដំណាក់កាលចោទប្រកាន់ ដំណាក់កាលស៊ើបសួរ តែនឹងបន្តឃ្លាំមើលលើការអនុវត្តច្បាប់ដល់ដំណាក់កាលជម្រះក្តី ដើម្បីធានាថាជនត្រូវចោទឈ្មោះស៊ី លឿយ ត្រូវទទួលខុសត្រូវនូវអំពើប្រព្រឹត្តរបស់ខ្លួនចំពោះមុខច្បាប់ ហើយផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះ។ នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ ឯកឧត្តមព្រះរាជអាជ្ញា បានបង្ហាញចម្លើយសាក្សី៣នាក់ ថា មានភាពស៊ីសង្វាក់គ្នាទៅនឹងចម្លើយសារភាពរបស់ជនជាប់ចោទដែលថា ឃាតកម្មនេះបានកើតឡើងដោយសារគំនុំទាក់ទងផលប្រយោជន៍ផ្ទាល់ខ្លួន។ ឯកឧត្តមព្រះរាជអាជ្ញាបានបញ្ជាក់ថា មុននេះជនជាប់ចោទរងបទចោទ ប៉ុនប៉ងឃាតកម្ម ប៉ុន្តែនៅពេលរងគ្រោះបានស្លាប់កាលពី៧ធ្នូ ដូចនេះតំណាងអយ្យការនឹងសុំទៅចៅក្រមអោយប្តូរទៅជាបទចោទ ឃាតកម្មវិញ ។ ប៉ុន្តែក្របខណ្ឌទណ្ឌកម្មមិនខុសគ្នាទេ គឺត្រូវជាប់ពន្ធនាគារចន្លោះពី១០ទៅ១៥ឆ្នាំ។ ឯកឧត្តមព្រះរាជអាជ្ញាបានបំភ្លឺអង្គធាតុថា កាលពីថ្ងៃទី៤ធ្នូ ជនជាប់ចោទឈ្មោះ ស៊ី លឿយ ជាកសិករបានយកកាំភ្លើងកែច្នៃសម្រាប់បាញ់សត្វ ទៅស្ទាក់លបលួចបាញ់នៅក្នុងព្រៃឆ្ងាយពីភូមិ បណ្តាលអោយជនរងគ្រោះឈ្មោះ ឈឿង ឈឹង ជាអ្នកសារព័ត៌មានអនឡាញ មកពីអង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ ក្នុងខេត្ត សៀមរាប ត្រូវត្រង់ពោះ ដែល៣ថ្ងៃក្រោយមកជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
សូមរំលឹកថា កន្លងមកនេះ ក្នុងករណីកើតមានអ្នកសារព័ត៌មានរងគ្រោះ ឬទទួលមរណភាព គេតែងតែឃើញជនមួយក្រុមចោទប្រកាន់ថាជារឿងនយោបាយ ដោយមិនបានពិនិត្យទៅលើអង្គធាតុនិងអង្គច្បាប់នោះទេ៕