កំពត៖ ពិធីបុណ្យសមុទ្រកម្ពុជាលើកទី១១ ជុំទី៣ បានចាប់ផ្ដើមនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នាទិសនិរតី លើទឹកដីខេត្តកំពត ដែលជាខេត្តមួយមានសក្ដានុពលផ្នែកទេសចរណ៍ដ៏សម្បូរបែប កំពុងមានភាពទាក់ទាញពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករ។ ឆ្នាំនេះក្រសួងទេសចរណ៍បានលើក ដោយយកប្រធានបទ«អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»ក្នុងការអបអរសាទរ ពិធីបុណ្យសមុទ្រលើកទី១១។ហើយបុណ្យសមុទ្រនេះក៏ជាឱកាសមួយសម្រាប់ខេត្តកំពតបានបង្អួតគោលដៅទេសចរណ៍ទៅកាន់ភ្ញៀវជាតិនិងអន្តជាតិផងដែរ។
នៅថ្ងទី១៣ ខែធ្នូនេះ ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ បានចាប់ផ្ដើមប្រារព្ធជាផ្លូវការនៅលើកទឹកដី ខេត្តកំពត ភាគនិរតី នៃប្រទេស ក្រោមប្រធាន«អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ ចន្ទមុនីហ៊ុនម៉ាណែត។ ការដាក់ចេញនូវប្រធានបទ“អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”នេះ គឺចង់រំលេចឱ្យឃើញថាកម្ពុជាមានបេតិកភណ្ឌសម្បូរបែបមិនត្រឹមតែ នៅតំបន់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែនៅតំបន់ឆ្នេរសមុទ្រក៏យើងមានបេតិកភណ្ឌដែរ
ពោលគឺមានបេតិកភណ្ឌ ទាំងនៅដីគោក(លើដី ក្នុងដី)និងនៅក្រោមទឹក។ តួយ៉ាងដូចនៅតំបន់ឆ្នេរសមុទ្រកម្ពុជាយើងដែល គ្របដណ្តប់ បួនខេត្ត មានបេតិកភណ្ឌច្រើនណាស់ដូចជា៖ មានសំពៅលិច ដែលអ្នកជំនាញបានស្រាវជ្រាវរកឃើញ កុលាលភាជន៍ ពពួកសេរ៉ាមិក (កោះស្តេច)កន្លែងតម្កល់មឈូសឈើ ពាងក្រឡធំៗដាក់សពសម័យបុរាណ (នៅជីផាត)ទីទួលស្លាកស្នាមមនុស្សរស់នៅជាដើម ។ ដោយឡែកនៅខេត្តកំពតនេះ ក៏មានបេតិកភណ្ឌច្រើនដែរ រាប់តាំងពីសំណង់ស្ថាបត្យកម្មសម័យអាណានិគម ប្រាសាទនៅក្នុងរូងភ្នំ(ភ្នំឈ្ងោក)នៅគុហាហ្លួងភ្នំកំពង់ត្រាច ភ្នំខ្យង ព្រមទាំងវិហារបុរាណ ទីទួលបុរាណផ្សេងៗទៀត។ ឯកឧត្ដមម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានថ្លៃប្រាប់ទូរទស្សន៍ជាតិកម្ពុជាថាការលើកយកប្រធានបទនេះ មកអបអរបុណ្យសមុទ្រនៅខេត្តកំពត ពិតជាមានអត្ថន័យសមស្របនិងសក្ដានុពលរបស់ខេត្តកំពត។
ឯកឧត្ដមអភិបាលខេត្តបានលើកឡើងទៀតថា អាជ្ញាធរខេត្តរួមនិងស្ថាប័នពាក់ព័ន្ធបានរៀបចំសោភ័ណភាពទីក្រុង ឆ្នេរសមុទ្រ តំបន់រម្មណីយដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង និងសេវាកម្មទេសចរណ៍នានាយ៉ាងល្អប្រសើរក្នុងការស្វាគមន៍វត្តមានភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ដែលបានមកកម្សាន្តនៅក្នុងព្រឹត្តិការណ៍មួយនេះ។ឯកឧត្ដមបានបន្តទៀតថាការរៀបចំបុណ្យសមុទ្រនេះពិតជាសំខាន់ ព្រោះរយៈពេល៣ថ្ងៃនេះក៏មានការតាំងពិពរណ៌ពាណិជ្ជកម្ម និងមានកម្មវិធីកម្សាន្តជាច្រើនទៀត ដែលទាំងអស់នេះនឹងជួយលើកមុខមាត់ ខេត្តកំពត ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត ដែលអាចរកបានចំណូលពីព្រឹត្តិការណ៍នេះផងដែរ។
ជាមួយគ្នានេះដែរឯកឧត្ដមហួត ហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា បុណ្យសមុទ្រលើកទី១១នេះប្រារព្ធធ្វើនៅខេត្តកំពត ដែលជាទីតាំងមួយមានហេដ្ឋារចនាសម្ព័ន្ធ រូបវន្តគ្រប់គ្រាន់ សម្បទាទេសចរណ៍ ការរៀបចំកែលម្អ សោភ័ណភាពបានល្អប្រសើរនិងមានការអភិវឌ្ឍជាបន្តបន្ទាប់។
ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងទៀតថាបុណ្យសមុទ្រឆ្នាំនេះបានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមកិច្ចសហការប្រកបដោយ សាមគ្គីភាពខ្ពស់ និងប្រទាក់ក្រឡា និងស៊ីចង្វាក់គ្នារបស់គណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការ ព្រមទាំងវិស័យឯកជន ដែលបានរៀបចំកម្មវិធីមួយចំនួន ដូចជា ទី១ ការតាំងពិព័រណ៌សមិទ្ធផលមហោស្របម្ហូបអាហារនិងភេសជ្ជៈ ការតាំងពិព័រណ៌សមិទ្ធពាណិជ្ជកម្មក្នុងស្រុក និងក្រៅស្រុក និងគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ, ទី២ ការសំដែងទស្សនីយភាពសិល្បៈដែលមានការចូលរួមពីសិល្បករសិល្បការិនីជាតិនិងអន្តរជាតិចម្រុះជាតិសាសន៍។ ទី៣ កម្មវិធីsoft opening កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតដោយមានកិច្ចសហការរវាងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងទេសចរណ៍រដ្ឋបាលខេត្តកំពតនិងដៃគូអភិវឌ្ឍន៍។ ទី៤ សិក្ខាសាលាស្ដីពីការជំរុញការវិនិយោគការអភិវឌ្ឍទេសចរណ៍និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ពិធីប្រគល់ប័ណ្ណសរសើរដល់ប្រតិបត្តិករនិងអ្នកវិនិយោគទេសចរណ៍ព្រមទាំងពិធីដាំដើមឈើអនុស្សាវរីយ៍ផងដែរ។ និងទី5 សម្រាប់ឆ្នាំនេះក្រសួងក៏បានសហការជាមួយសមាគមទេសចរអាស៊ីប៉ាស៊ីហ្វិករៀបចំឱ្យមានព្រឹត្តិការណ៍អម គឺកម្មវិធីជំនួប cambodia travel much ដែលជាព្រឹត្តិការណ៍ផ្គូរផ្គងរវាងអ្នកទិញ មកពីប្រទេសចំនួនប្រាំបីរួមជាមួយអ្នកលក់ ដែលជាប្រតិបត្តិករទេសចរណ៍ក្នុងស្រុកព្រមទាំងក្រុមអ្នកផ្សព្វផ្សាយបណ្ដាញសង្គមសំខាន់ៗមកពីតាមបណ្ដាប្រទេសទាំងនោះផងដែរនិងទី៦ សកម្មភាពកីឡាមានរហូតដល់១០ប្រភេទ។
នៅក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍បុណ្យសមុទ្រសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមសម្ដែងការអបអរសាទរចំពោះសមិទ្ធផលថ្មីៗក្នុងខេត្តកំពត និងសមិទ្ធផលធំៗជាច្រើនទាក់ទងវិស័យទេសចរណ៍ ការសម្ពោធកំពង់ផែពហុបំណងនិងកំពង់ផែទេសចរណ៍អន្ដរជាតិដែលជាផែទឹកជ្រៅក្នុងការជំរុញវិស័យឧស្សាហកម្មនិងទេសចរណ៍។សម្ដេចបានមានប្រសាសន៍បន្តទៀតថា ការមកជួបជុំគ្នារៀបចំពិធីបុណ្យសមុទ្រនិងការមកដើរលេងកំសាន្តរៀបចំតាំងពិពណ៌នៅផលិតផលជាច្រើននាពេលនេះគឺបង្ហាញពីផលនៃសន្តិភាពដែលយើងបានខិតខំកសាងសន្តិភាពនេះដោយលំបាក។សន្តិភាព និងសុវត្ថិភាព បានធ្វើឱ្យទេសចរ ទាំងជាតិ និងអន្តរជាតិ បានដើរលេងកម្សាន្តនៅកម្ពុជាគ្រប់ទីកន្លែងទាំងអស់ និងគ្រប់រដូវកាលមិនថា រដូវប្រាំង ឬ រដូវវស្សានោះឡើយ។
បុណ្យសមុទ្រ គឺជាព្រឹត្តិការណ៍ដ៏ទាក់ទាញមួយ ដែលប្រារព្ធឡើង ក្នុងគោលបំណងអបអរសាទរឆ្នេរ សមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោក ក៏ដូចជាជំរុញលើកតម្លៃ និង ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ពិសេសអេកូទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជាដែលមានប្រវែង៤៤០គីឡូម៉ែត្រ ត្រូវបានចូលជាសមាជិកក្លឹបឆ្នេរស្រស់ស្អាតបំផុតលើពិភពលោកកាលពីឆ្នាំ២០១១ កន្លងមក ប្រទេសកម្ពុជាបានរៀបចំ ពិធី បុណ្យ សមុទ្រជារៀងរាល់ឆ្នាំ ឆ្លាស់គ្នានៅតាមខេត្តនិមួយៗដែលមានឆ្នេរសមុទ្រ។ ប៉ុន្តែដោយមានការរីករាលដាលជំងឺកូវីដ១៩ ការប្រារព្ធបុណ្យសមុទ្រត្រូវបានផ្អាកអស់រយៈពេល២ឆ្នាំ។ សម្រាប់ឆ្នាំ២០២៤នេះបុណ្យសមុទ្រប្រារព្ធធ្វើនៅខេត្តកំពតជាជុំទី៣ និងលើកទី១១ក្រោមប្រធានបទ“អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”៕