ភ្នំពេញ៖ មន្ត្រីក្រសួងពាណិជ្ជកម្មបានអោយដឹងថា នេះគឺជាឆ្នាំទីមួយហើយ ដែលក្រសួងរៀបចំបែប «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ខណៈមុនៗរៀបចំឡើងបែបជា ពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូល។
«យុគសម័យថ្មីនៃពាណិជ្ជកម្ម» កំណត់ សម្គាល់អ្វីដែលជាការងើបនិងការបោះជំហានចូលទៅក្នុងរបបថ្មីនៃការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។
ការធ្វើពាណិជ្ជកម្មតាមរបត់ថ្មីនេះគឺជាការចាប់ផ្ដើមច្បាមយកបច្ចេកវិទ្យាថ្មីៗសម្រាប់ធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។
ការជំរុញឲ្យមានរបត់នៃការធ្វើពាណិជ្ជកម្មនៅក្នុងយុគថ្មីនៃពាណិជ្ជកម្មនេះ គឺសំដៅដល់ការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថលដែលជាបច្ចេកវិទ្យាទំនើបនៅក្នុងការធ្វើធុរកិច្ចស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ដែលបានកំណត់ថាយើងត្រូវរៀបចំឲ្យមានមនុស្សឌីជីថលធុរកិច្ចឌីជីថលនិងរដ្ឋាភិបាលឌីជីថល។
យោងតាមមន្ត្រីក្រសួងពាណិជ្ជកម្មបានអោយដឹងទៀតថា ការប្រើពាក្យ «យុគសម័យថ្មី» បានឆ្លុះបញ្ចាំងពីវិធីសាស្ត្រដ៏សកម្ម និងប្រកបដោយថាមវន្ត នៃបេសកកម្មពាណិជ្ជកម្មបច្ចុប្បន្ន និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ ២០៣០។
ចំណែកឯមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នូវគោលដៅអភិវឌ្ឍន៍ពាណិជ្ជកម្មថ្មីរបស់កម្ពុជា និងការប្តេជ្ញាចិត្តក្នុងការកា្លយជាតួអង្គសំខាន់ នៅក្នុងទីផ្សារពិភពលោក តាមរយៈការតាំងបង្ហាញផលិតផល ដែលមានលក្ខណៈពិសេស ការបង្ហាញពីសមត្ថភាពផលិតកម្មទំនើបកម្ម ការសម្រួលការនាំចេញ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងចុងក្រោយ បម្រើឱ្យវិស័យពាណិជ្ជកម្ម។
ទន្ទឹមនេះគោលបំណងនៃ «យុគសម័យថ្មីនៃពាណិជ្ជកម្ម »តំណាងឱ្យការស្តារឡើងវិញ និងការរីកចម្រើននៃពាណិជ្ជកម្មរបស់កម្ពុជា ដែលបង្ហាញពីសករាជថ្មីនៃការអភិវឌ្ឍ សេដ្ឋកិច្ច ការចូលរួមជាសកល និងការពង្រឹងភាពប្រកួតប្រជែង។
ក្រសួងពាណិជ្ជកម្មសង្ឃឹមថាការរៀបចំ
ពាណិជ្ជកម្មក្នុងយុគ្គសម័យថ្មី បង្កើតឱកាសពង្រីកទីផ្សារបន្ថែម ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម គឺពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី។
តាមរយៈការបង្ហាញពីផលិតផលសំខាន់ៗរបស់កម្ពុជា ជូនដល់អ្នកទស្សនាជាតិ និងអន្តរជាតិ ពិព័រណ៍ពាណិជ្ជកម្មឆ្នាំនេះ នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសដែលមានភាពប្រកួតប្រជែងខ្ពស់ នៅក្នុងទីផ្សារអន្តរជាតិ។
«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»ឬ (CTE) ចាប់ពីថ្ងៃទី១៣នេះ រហូតដល់ថ្ងៃទី១៦ធ្នូឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីរេច ក្នុងបុរីងហួតបឹងស្នោ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម្ពោធជាផ្លូវការទៀតផង៕