នាវាកងទ័ពជើងទឹកកូរ៉េ០១គ្រឿងចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃ

0

ព្រះសីហនុ៖ លោក​វរ​នា​វី​ឯក មាន សា​វឿ​ន មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម ដឹកនាំ​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នាវិក នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ បាន​អញ្ជើញ​ទទួល​ស្វាគមន៍​នាវា​កងទ័ពជើងទឹក​សាធារណរដ្ឋ​កូរ៉េ​ចំនួន​០១​គ្រឿង ឈ្មោះ Wang Geon Destroyer (DDH-978) ដឹកនាំ​ដោយ​វរ​នា​វី​ឯក Chio Jong Soo មេបញ្ជាការ​នាវា កងទ័ពជើងទឹក​សាធារណរដ្ឋ​កូរ៉េ បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​គោលបំណង​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤​។

ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៣​ថ្ងៃ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ បង្កើន​ទំនាក់ទំនង និង​រឹតចំណង​សាមគ្គីភាព មិត្តភាព​ឱ្យ​កាន់តែ​ល្អ​ទ្វេ​ឡើង​ថែម​ទៀត រវាង​ប្រទេស​ទាំង​ពីរ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​កូរ៉េ​)​។

ក្នុង​ការ​ចូល​ចត​នៅ​កម្ពុជា គណ​:​ប្រតិភូ​កងទ័ពជើងទឹក​កូរ៉េ មាន​គម្រោង​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​អភិបាលខេត្ត​ព្រះ​សីហ​នុ មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​ក៏​មានកម្ម​វិធី​ប្រកួត​កីឡា​មិត្តភាព​ផង​ដែរ​។

សូម​ជម្រាប​ជូន​ថា នាវា Wang Geon Destroyer (DDH-978) បណ្តោយ ១៤៩,៥​ម៉ែត្រ ទទឹង ១៧,៤​ម៉ែត្រ កម្ពស់ ៣៩,២៤​ម៉ែត្រ ជម្រៅ​ទឹក ៧,៣​ម៉ែត្រ និង​មាន​ទម្ងន់​ផ្ទុក​សរុប ៥៥៨២​តោន ល្បឿន ៣០kts ដឹកនាំ​ដោយ​មេបញ្ជាការ​នាវា លោក​វរ​នា​វី​ឯក Chio Jong Soo៕