ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឡើងវិញនូវការបន្តគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញលេញរបស់កម្ពុជាសម្រាប់បេសកកម្មមនុស្សធម៌រួមគ្នាក្នុងការរុករកអដ្ឋិធាតុទាហានអាម៉េរិក ដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងខណៈទទួលជួប លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋ អាមេរិកប្រចាំកម្ពុជា ក្នុងឱកាសសម្តែងការគួរសម នៅទីស្តីការក្រសួង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះការបោះឆ្នោតប្រកបដោយជោគជ័យ នាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរម្លឹកពីព្រះរាជសារ និងសារលិខិតអបអរសាទរ របស់ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្ញើជូនប្រធានាធិបតី ជាប់ឆ្នោត លោក Donald J. Trump ដែលការណ៍នេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលសហរដ្ឋអាម៉េរិកថ្មី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងសម្តែងការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានការចូលរួមកម្រិតខ្ពស់ រួមមានដំណើរទស្សនកិច្ចថ្មីៗមកកម្ពុជារបស់ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងលោកស្រី Samantha Power នាយិកា នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Walker បានសាទរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងយោធា និងយោធា និងការបន្តកិច្ចសន្ទនាគោលនយោបាយការពារជាតិសហរដ្ឋអាមេរិក-កម្ពុជា។ ភាគីទាំងពីរ ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់រដ្ឋាភិបាលទាំងពីរក្នុងការពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យដែលជាផលប្រយោជន៍ទៅវិញទៅមក រួមមាន ពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានវឌ្ឍនភាពយ៉ាងល្អ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកស្រី Walker បានឯកភាពឱ្យមានសកម្មភាពរួមមួយចំនួន ដើម្បីប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិក នៅឆ្នាំក្រោយ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវប្បធម៌ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់អាជ្ញាធរសហរដ្ឋអាមេរិក ក្នុងការបញ្ជូនវត្ថុបុរាណខ្មែរជាង១៥០ ត្រឡប់មកប្រទេសកម្ពុជា និងសង្ឃឹមថា វត្ថុជាច្រើនទៀតនឹងត្រូវបានកំណត់ទីតាំង និងបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ទន្ទឹមនេះ លើវិស័យអប់រំ និងការផ្សារភ្ជាប់ប្រជាជន-ប្រជាជន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកស្រី Walker បានឯកភាពគ្នាលើសារៈសំខាន់នៃការបន្តអាហារូបករណ៍ និងការផ្លាស់ប្តូរ ដែលអាចឱ្យនិស្សិតកម្ពុជាជាង ១ ០០០ នាក់ បានទៅសិក្សា និងបណ្តុះបណ្តាល នៅសហរដ្ឋអាមេរិក ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។
ទាក់ទងនឹងការដោះមីន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះ ជំនួយចំនួន១២លានដុល្លារ ដែលផ្តល់តាមរយៈទីភ្នាក់ងារ USAID ក្នុងឆ្នាំ២០២៤ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដោះមីនរបស់កម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ការបន្តកិច្ចសហ ប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យនេះ នឹងពន្លឿនការសម្រេចគោលដៅរបស់កម្ពុជាជាប្រទេសគ្មានមីន។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ភាគីទាំងពីរក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់កម្ពុជា ក្នុងនាមជាប្រទេស សម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក (២០២៤-២០២៧) ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាម៉េរិក៕