វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាង១ម៉ឺនក្បាលដី ត្រូវបានចែកជូនពលរដ្ឋ នៅក្រុងប៉ោយប៉ែត

0

បន្ទាយមានជ័យ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន១០១៥៨ ក្បាលដី នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពី

ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត លោកអភិបាលរងខេត្ត រដ្ឋបាលក្រុងប៉ោយប៉ែត កងកម្លាំងទាំងបី និងប្រជាពលរដ្ឋច្រើនកុះករនោះ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងឆ្លើយតបនឹងការងារអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈ ក្នុងគោលដៅឆ្ពោះទៅសម្រេចបាននូវគោលនយោបាយគន្លឹះ ក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា តាមរយៈការចុះបញ្ជីដី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយវិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការបញ្ចប់បញ្ហានៅបឹងទន្លេសាប និងនៅរមណីយដ្ឋានអង្គរ ការបង្រួមបញ្ហានៅតាមបុរី ដើម្បីបន្ថយ និងឈានទៅលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គមកម្ពុជា ដូច្នេះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យត្រូវពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ និងបន្តផ្តោតលើកិច្ចការនគរូបនីយកម្ម ការរៀបចំក្រុង និងសំណង់ ដើម្បីធានាឱ្យសំណង់របស់យើងមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ប្រែក្លាយតំបន់ប៉ោយប៉ែតនេះឱ្យទៅជាទីក្រុង ដែលគួរឱ្យចង់រស់នៅ មានផ្លូវដើរ មានលម្ហសាធារណៈ ផ្ទះសម្បែងរៀបរយ បរិស្ថានស្អាតប្រកបដោយសុខមាលភាព ក្នុងជីវភាពប្រកបដោយសេចក្តីថ្លៃថ្នូរ  សមជាប្រជាពលរដ្ឋក្នុងសហសម័យរុងរឿង ដែលជាអ្នកបន្តវេនពូនជ្រំថែទាំផ្លែផ្កាសុខសន្តិភាពឱ្យកាន់តែរីកសុះសាយក្នុងសង្គមកម្ពុជាជានិរន្តន៍។

បន្ថែមលើនេះទៀត មន្ទីរត្រូវបន្តគិតគូរពីឱកាស និងលទ្ធភាពក្នុងការរៀបចំទីក្រុងសម្បូរទៅដោយលក្ខខណ្ឌអំណោយផលជាកត្តារួមចំណែកពង្រីកឱកាសការងារ បង្កើនសកម្មភាពពាណិជ្ជកម្ម បង្កើនប្រាក់ចំណូល ក្នុងគោលបំណងលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ប៉ោយប៉ែតនេះ ឱ្យកាន់តែប្រសើរថែមទៀតនោះ៕