អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ដោយមានការសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្ដសៀមរាបបានឈានដល់ការឃាត់ខ្លួនជនដៃដល់ពាក់ព័ន្ធនឹងការធ្វើឃាតលើអ្នកកាសែត លោក ឈឿង ឈឹង

0

សៀមរាប៖ លោក ឈឿង ឈឹង ជាអ្នកសារព័ត៌មាន ដែលត្រូវបានខ្មាន់កាំភ្លើងលួចបាញ់មួយគ្រាប់ដោយប្រើប្រាស់អាវុធកែច្នៃកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៨៖០០នាទីយប់ នៅក្នុងភូមិសាស្រ្ដឃុំពង្រលើ ស្រុកជីក្រែង ខេត្ដសៀមរាប។ លោកបានទទួលមរណភាពនៅវេលាម៉ោង ២ រំលេងអាធ្រាតយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដោយសារគ្រាប់ដែលបានបាញ់ជាគ្រាប់កែច្នៃធ្វើឱ្យគ្រាំក្នុងខ្លាំង ប៉ះពាល់ដល់ផ្នែកខាងក្នុងខ្លួនរបស់គាត់ច្រើនកន្លែង ទោះបីជាក្រុមគ្រូពេទ្យជំនាញខិតខំព្យាបាល និងជួយសង្គ្រោះយ៉ាងណាក្ដី។

ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកសារព័ត៌មានរូបនេះ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា ដោយមានការសហការល្អទាន់ពេលវេលាជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលខេត្ដសៀមរាប ក៏ដូចជាមានការចូលរួមពីមន្ទីរព័ត៌មានខេត្ដសៀមរាប សមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតបានចូលរួម ដោយអនុវត្ដន៍នីតិវិធីស៊ើបសង្កេតរហូតឈានដល់ឃាត់ខ្លួនជនដៃដល់ដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលើអ្នកសារព័ត៌មាន លោក ឈឿង ឈឹង ខណៈបច្ចុប្បន្នជនជាប់សង្ស័យរូបនេះកំពុងតែស្ថិតក្រោមនីតិវិធីរបស់តុលាការខេត្ដសៀមរាប និងអនុវត្ដន៍ទៅតាមច្បាប់ដែលបានកំណត់។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នារសៀលថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្ដម ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែផ្ដល់ការយកចិត្ដទុក​ដាក់ខ្ពស់ចំពោះតួនាទីរបស់អ្នកសារព័ត៌មានរបស់យើងដោយបន្ដលើកកម្ពស់ លើកស្ទួយសិទ្ធិ សេរីភាពខាងផ្នែកសារព័ត៌មានដែលបានការពារ និងផ្ដល់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានគតិយុត្ដជាធរ​មាន ព្រមទាំងបាននិងកំពុងបន្ដផ្ដល់នូវបរិយាកាសអំណោយផលសម្រាប់ការប្រកបអាជីពជាអ្នកសារព័ត៌មាន នៅ​ទូទាំងប្រទេសក្នុងព្រះរាជាណាកច្រកម្ពុជា។ ឯកឧត្ដមក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុងប្រកបការងារជាអ្នកសារព័ត៌មាន សូមប្រកាន់ភ្ជាប់នូវការគោរពប្រតិបត្ដិឱ្យបានភ្ជាប់ភ្ជូនក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សូមកុំពាក់ព័ន្ធនឹងទង្វើរដែលប្រាសចាកពីក្រមសីលធម៌ ហើយត្រូវអនុវត្ដន៍សកម្មភាពការងាររបស់ខ្លួននៅក្នុងដែននៃច្បាប់ដែលបានកំណត់ ជាពិសេសមិនត្រូវដើរហួសពីព្រំដែនដែលច្បាប់ស្ដីពីរបបសារព័ត៌មានបានកំណត់ឱ្យយើងក្នុងតួនាទីជាអ្នកសារព័ត៌មាននោះទេ។ ទន្ទឹមនេះ ឯកឧត្ដមអ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវផងដែរដល់អាជ្ញាធរមូលដ្ឋាននៅក្នុងរាជធានី ខេត្ដ សូមផ្ដល់ការគាំទ្រ និងជួយសម្របសម្រួលដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុងអនុវត្ដន៍ការងាររបស់ខ្លួនដោយគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌​មាន​ត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកសារព័ត៌មានអាចទទួលបាននូវការសហការ ដើម្បីចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានអំពីប្រទេសកម្ពុជា ការផ្សព្វផ្សាយឱ្យពិភពលោកបានដឹងការពិតពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្ដម ទេព អស្នារិទ្ធ ក៏បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុងប្រកបការងារជាអ្នកសារព័ត៌មាន សូមប្រកាន់ភ្ជាប់នូវការគោរពប្រតិបត្ដិឱ្យបានភ្ជាប់ភ្ជូនក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សូមកុំពាក់ព័ន្ធនឹងទង្វើរដែលប្រាសចាកពីក្រមសីលធម៌ ហើយត្រូវអនុវត្ដន៍សកម្មភាពការងាររបស់ខ្លួននៅក្នុងដែននៃច្បាប់ដែលបានកំណត់។ មិនត្រូវដើរហួសពីព្រំដែនដែលច្បាប់ស្ដីពីរបបសារព័ត៌មានបានកំណត់ឱ្យយើងក្នុងតួនាទីជាអ្នកសារព័ត៌មាននោះទេ ហើយធ្វើយ៉ាងណាយើងកុំពាក់ព័ន្ធនឹងអំពើដែលច្បាប់បានហាមឃាត់ ដូចជាការកំហែងទារ ឬអំពើផ្សេងទៀតដែលវាប្រាសចាកនឹងវិជ្ជាជីវៈសារព័ត៌មាននៅក្នុងក្របខ័ណ្ឌនៃការអនុវត្ដវិជ្ជាវីជៈសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។ សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាននៅក្នុងរាជធានី ខេត្ដ ទាំង២៥ ផងដែរ សូមផ្ដល់ការគាំទ្រ និងជួយសម្របសម្រួលដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុងអនុវត្ដន៍ការងាររបស់ខ្លួនដោយគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកសារព័ត៌មានយើងអាចទទួលបាន និងផ្ដល់នូវការសហការ ដើម្បីចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានអំពីប្រទេសកម្ពុជា ផ្សព្វផ្សាយឱ្យពិភពលោកបានដឹងការពិត និងជួយលើកកម្ពស់ចូលរួមដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យបានកាន់តែរីកចម្រើនថែមទៀត។»

ក្នុងឱកាសនោះដែរ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានរម្លឹកផងដែរថា នេះគឺជាករណីអកុសលមួយ និងគួរឱ្យសោកស្ដាយដែលបានកើតឡើងលើអ្នកសារព័ត៌មា​ននៅមូលដ្ឋានខេត្ដសៀមរាប ហើយនៅក្នុងករណីខាងលើដែលបានកើតឡើងភ្លាមគឺរដ្ឋបាលខេត្ដសៀមរាប ក៏ដូចជាអាជ្ញាធរ​ពាក់ព័ន្ធក៏ដូចជាមានការចូលរួមពីមន្ទីរព័ត៌មានខេត្ដសៀមរាបផងដែរសហការគ្នាបានទាន់ពេលវេលាក្នុងការបញ្ចូនអ្នកសារព័ត៌មានរូបនេះ ទៅមន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះ។ ឯកឧត្ដមបន្ដថា ដោយសារតែនៅទីនោះបានបញ្ចូនទាន់ពេលវេលាក្រោយពេលកើតហេតុភ្លាម ក្រុមគ្រូពេទ្យជំនាញបានធ្វើការព្យាបាលដោយយកចិត្ដទុកដាក់ខិតខំព្យាយាមមែនទែន ហើយអាជ្ញាធរខេត្ដ ក៏ដូចជាមន្ទីរព័ត៌មានខេត្ដសៀមរាបបាននៅតាមដានអំពីស្ថានភាពរបស់អ្នកសារព័ត៌មានជាប់ជានិច្ចក្នុងពេលដែលអ្នកសារព័ត៌មានលោក ឈឿង ឈឹង ដែលគាត់សម្រាកនៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃមកនេះ។ ឯកឧត្ដមបានលើកឡើងថា តែទោះបីជាមានការខិតខំខ្នះខ្នែងអស់ពីកម្លាំងកាយចិត្ដរបស់គ្រូពេទ្យជំនាញយ៉ាងណាក្ដី ដោយសារតែស្ថានភាពរបស់ជនរងគ្រោះគឺមានស្ថានភាពធ្ងន់ធ្ងរ និងមានការប៉ះពាល់ច្រើនកន្លែងនៅក្នុងខ្លួន ដែលធ្វើឱ្យគាត់បាត់បង់ជីវិត។

ឯកឧត្ដមអ្នកនាំពាក្យបានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសាររបស់សពលោក ឈឿង ឈឹង។ វាបានចូលទៅក្នុងខ្លួនដែលធ្វើឱ្យគ្រាំ ក្នុងខ្លាំង និងបានប៉ះពាល់ជាច្រើនកន្លែង បើទោះបីជាមានការយកចិត្ដទុកដាក់ពីក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាលយ៉ាងណាក្ដី តែជាអកុសល អ្នកសារព័ត៌មានរូបនេះ បានបាត់បង់ជីវិតទៅហើយ»។

សូមជម្រាបជូនថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ ថ្នាក់ដឹកនាំ មន្រ្ដីរាជការ មន្ទីរព័ត៌មានខេត្ដ​សៀមរាប​ និងដោយមានការចូលរួមពីអ្នកសារព័ត៌មានមួយចំនួនទៀតផងនោះ ក៏បានជួបជាមួយក្រុមគ្រួសារលោក ឈឿង ឈឹង ផ្ទាល់នៅគេហដ្ឋានរបស់លោក ហើយក៏បានផ្ដល់នូវថវិកាមួយចំនួន ក៏ដូចជាគ្រឿងឧបភោគ បរិភោគ ដើម្បីជាការចូលរួមរំលែកមរណទុក្ខក៏ដូចជាចូលរួមជួយដោះស្រាយជីវភាពប្រចាំថ្ងៃដល់ក្រុមគ្រួសារលោក ឈឿង ឈឹង ផងដែរ៕