ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជំរុញដល់ប្រធានសភាពាណិជ្ជកម្មខេត្តទើបជាប់ឆ្នោតថ្មី ខិតខំកៀងគរអ្នកវិនិយោគនានា

0

មណ្ឌលគិរី៖ លោក វឿង ប្រយុទ្ឋ បានក្លាយជាប្រធានសភាពាណិជ្ជកម្មអាណត្តិទី១លើកទី១នៅខេត្តមណ្ឌលគិរី ក្រោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋនិងក្រុមអាជីវករក្នុងចំណោមបេក្ខជនចំនួន១៦នាក់ បន្ទាប់ពីក្រសួងពាណិជ្ជកម្មសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំការបោះឆ្នោតនាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដោយជោគជ័យ ។

លោក សាន់ ដារិទ្ឋិ អភិបាលរងខេត្តមណ្ឌលគិរីមាន ប្រសាសន៍ថា ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មខេត្តនិងរកឃើញប្រធានលើកទី១អាណត្តិទី១ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា តំណាងសភាពាណិជ្ជកម្មទាំងអស់និងបន្តខិតខំកៀងគរអ្នកវិនិយោគនានា ចូលបណ្តាក់ទុកបើកអាជីវកម្មជួញដូររកស៊ីក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើន។ លោក អភិបាលរងខេត្តក៏បានជម្រុញណែនាំដល់ ប្រធាន និងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១ត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់យោបល់ និងព័ត៌មាន ស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជូនរដ្ឋបាលខេត្តមណ្ឌលគិរីជាដៃគូចរចារ ពិភាក្សា ផ្តល់យោបល់ ជាមួយរដ្ឋបាលខេត្ត ធ្វើទំនាក់ទំនងជាមួយប្រភពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងក្នុងប្រទេស និងក្រៅប្រទេស និយាយរួម និងនិយាយដោយឡែក ទាំងក្នុងខេត្ត និងក្រៅខេត្ត។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានសាទរដល់លោក វឿង ប្រយុទ្ឋ ដែលទទួលបានសេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរីអាណត្តិទី១ លើកទី១ ក្រោយទទួលបានសេចក្តីទុកចិត្តបោះឆ្នោតពីសមាជិក សភាពាណិជ្ជកម្មខេត្ត ជ្រើសរើសជាប្រធាន។ ឯកឧត្តមរដ្ឋលេខាធិការថ្លែងថា«សភាពាណិជ្ជកម្មខេត្តមណ្ឌលគិរីនិងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈការធ្វើធុរកិច្ចក្នុងប្រទេស និងទាក់ទាញវិនិ យោគិនពីក្រៅប្រទេសសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត»។

លោក វឿង ប្រយុទ្ឋ ប្រធានសភាពាណិជ្ជកម្មខេត្ត មណ្ឌលគិរីថ្មីដែលទើបជាប់ឆ្នោត បានប្តេជ្ញានិងសូមថ្លែងអំណរគុណដល់សមាជិកទាំងអស់ដែលផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសតាំងរូបលោកធ្វើជាប្រធាននាពេលនេះ លោកនឹងខិតខំធ្វើយ៉ាងឲ្យសេដ្ឋកិច្ចក្នុងខេត្តកាន់តែល្អឡើង ដើម្បីការពារផលប្រយោជន៍អ្នករកស៊ីនិងការអភិវឌ្ឍក្នុងមូលដ្ឋាន៕