សម្តេចបវរធិបតី ណែនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សម្រួលដល់ការចូលរួមកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យសមុទ្រលើកទី១១នៅខេត្តកំពត

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ ដើម្បីសម្រួលដល់ការចូលរួមកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យសមុទ្រលើកទី១១(ថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ខេត្តកំពត) ការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាពនៅកម្ពុជាលើកទី១ (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ រាជធានីភ្នំពេញ) និងពិធីបុណ្យចូលឆ្នាំសកល ២០២៥។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រឹត្តិការណ៍ដ៏សំខាន់ទាំងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមឱ្យបានច្រើនកុះករផងដែរ៕