ឯកឧត្តម ឃឹម ហ្វីណង់៖ កសិករ ស្រុកបន្ទាយស្រី ចាប់អារម្មណ៍ចង់ស្នើសុំចងក្រងជា «សហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស» នៅជើងភ្នំគូលែន

0

សៀមរាប៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ថា ប្រជាកសិករ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាង៥០គ្រួសារ ចាប់អារម្មណ៍ចង់ស្នើសុំចងក្រងជា «សហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស» នៅជើងភ្នំគូលែន ខេត្តសៀមរាប ។

តាមរយៈបណ្តាញទំនាក់ទនងសង្គម ឯកឧត្តម អនុរដ្ឋលេខាធិការ បានញ្ជាក់ថា នៅស្រុកបន្ទាយស្រី មានកសិដ្ឋានចម្ការម្ទេសខ្នាតពាណិជ្ជកម្មមួយជាបង្គោលរួចស្រាប់ទៅហើយ ដែលមានផ្ទៃដីដាំដុះចំនួន៣០ហិកតា និងកំពុងសហការជាមួយកសិករមួយចំនួននៅក្នុងតំបន់នេះ ដើម្បីផ្គត់ផ្គង់ម្ទេសជូនក្នុងតម្លៃ ៣ ០០០រៀលក្នុងមួយគីឡូក្រាម។ ខណៈដែរ សមត្ថភាពផ្គត់ផ្គង់ម្ទេសក្នុងពេលបច្ចុប្បន្នមានកម្រិតមធ្យមប្រមាណ៥០តោនក្នុងមួយខែ ភាគច្រើនជាប្រភេទម្ទេសដៃនាង។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មខាងលើ បានបន្ថែមថា តាមការវាយតម្លៃបឋម ស្រុកបន្ទាយស្រី មានសក្តានុពលអាចបង្កើតជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេសបាន ដោយសារមានទីផ្សារនៅរង់ចាំប្រមូលទិញច្បាស់លាស់ និងអាចធ្វើជាទម្រង់ផលិតកម្មកសិកម្មតាមកិច្ចសន្យា តែប្រហែលជាត្រូវការចំណាយពេលវេលាបន្តិចសិន ដោយសារកសិករភាគច្រើនទើបតែចាប់ផ្តើមរៀនដាំដុះម្ទេសជាលើកទីមួយនៅឡើយ៕