រដ្ឋាភិបាលអាណត្តិទី៧ជារដ្ឋាភិបាល «ទឹកនិងត្រី»

0

ភ្នំពេញ៖ ក្នុងអំឡុងពេល១ឆ្នាំនិង៤ខែ ដែលរដ្ឋាភិបាលអាណត្តិទី៧បានចូលកាន់ដំណែង គឺជារយៈពេលដែលរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ចុះជួបប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាប្រមុខរដ្ឋាភិបាលបានបង្ហាញការប្តេជ្ញាចិត្តឈរខាងប្រជាពលរដ្ឋ នោះគឺការចុះជួបប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីទុក្ខលំបាកនិងសំណូមពរ ដើម្បីរដ្ឋាភិបាលរកវិធីដោះស្រាយអោយបានសមស្របនិងមិនទុកពេលអោយអូសបន្លាយ។

កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចចង់ចុះជួបផ្ទាល់ សួរផ្ទាល់ ស្តាប់ផ្ទាល់ ទទួលសំណើផ្ទាល់ពីប្រជាពលរដ្ឋ គឺជាវិធីសាស្រ្តល្អមួយសម្រាប់ក្តាប់ជាប់នូវបញ្ហាឬសំណូមពររបស់ប្រជាពលរដ្ឋដែលជាកត្តាសំខាន់ក្នុងការដាក់ចេញនូវវិធានការដោះស្រាយចំគោលដៅមិនថាជាដំណោះស្រាយចំពោះបញ្ហាតូចឬបញ្ហាធំ ឬដោះស្រាយបាន ឬមិនបាន ១០០% នោះទេ។ នេះគឺជាសារនយោបាយដែលឆ្លុះបញ្ចាំងអំពីជំហរគោរពសិទ្ធិម្ចាស់ឆ្នោត ជារដ្ឋាភិបាលកើតដោយប្រជាពលរដ្ឋ និងធ្វើការងារដើម្បីប្រជាពលរដ្ឋ។

រហូតមកដល់ពេលនេះ សម្តេចបវរធិបតី បានចុះអន្តរាគមន៍ផ្ទាល់និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដូចជាករណី វិវាទដីធ្លី ភាពមិនប្រក្រតីនៅក្នុងគម្រោងបុរី និងករណីប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីគម្រោប្រ៊ីលានស៊ីធី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា ជាដើម។

ជាក់ស្តែងថ្មីៗ សម្តេចបវរធិបតី បានដោះស្រាយទុក្ខលំបាករបស់អាជីវករនៅផ្សារឯកជនបឹងឈូក នៅខេត្តបាត់ដំបង ដែលរងអគ្គីភ័យហើយម្ចាស់ផ្សារឯកជននេះ ខ្វះលទ្ធភាពមិនអាចជួសជុលឡើងវិញបាន ធ្វើអោយអាជីវករខ្វះទីតាំងលក់ដូរ ពេលនោះរដ្ឋាភិបាលប្រកាសយកគម្រោងនេះមកធ្វើ ហើយ ចែកជូនអាជីវករយកធ្វើជាម្ចាស់កម្មសិទ្ធិទៀតផង។ ការសម្រេចនេះ បានធ្វើអោយអាជីវករនៅផ្សារឯកជនបឹងឈូក សប្បាយរីករាយក្រៃលែង ហើយជឿជាក់ចំពោះការដឹកនាំរបស់រដ្ឋាភិបាល។

ទន្ទឹមនេះ ខណៈអ្នកអភិវឌ្ឍន៍លំនៅឋានខ្លះបានប្រកាសក្ស័យធន់ បានធ្វើអោយវិវាទផ្ទុះឡើងហើយធ្វើអោយប្រជាពលរដ្ឋទទួលរងគ្រោះ ប៉ុន្តែត្រូវបានក្រសួងរៀបចំដែនដី ដំណោះស្រាយបាន ៥៣ករណីនៅក្នុងចំណោមគម្រោងអភិវឌ្ឍន៍អចលនវត្ថុចំនួន ៩៩ គម្រោងនៃ គម្រោងបុរី គម្រោងផ្សារនិងខុនដូ និងគម្រោងដីឡូតិ៍ទូទាំងប្រទេស។

ក្នុងរយៈពេល១ឆ្នាំក្រោមការដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ បានធ្វើអោយដីជាង២លានក្បាលដីត្រូវបានចុះបញ្ជីស្របច្បាប់ ហើយគ្រោងនឹងបិទបញ្ចប់ការវាស់វែង ការចុះបញ្ជីក្បាលដីដែលនៅសល់ជាង២លាន ផ្សេងទៀត ឲ្យចប់នៅដំណាច់ឆ្នាំ២០២៥ខាងមុខនេះ។

នៅពេលនោះ ទំនាស់ដីធ្លីនឹងត្រូវកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ប្រកបដោយយុត្តិធម៌ ដែលផ្តល់លទ្ធភាពអោយប្រជាពលរដ្ឋអាចប្រកបមុខរបរកសិកម្មលើដីធ្លីនោះ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ លទ្ធផលដែលទទួលបានពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលនេះគឺជាចំណុចវិជ្ជមានដែលគួរតែអបអរសាទរ។ នេះបានបង្ហាញអោយឃើញថា រដ្ឋាភិបាលឈរខាងប្រជាពលរដ្ឋ ជួយដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពោលគឺរដ្ឋាភិបាលនិងម្ចាស់ឆ្នោត គឺប្រៀបបានជា «ទឹកនិងត្រី»៕