រយៈពេល១១ ឆ្នាំនេះ កំណើនវិនិយោគ មានប្រមាណ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

0

ភ្នំពេញ៖ កំណើននៃការវិនិយោគក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ មានប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈការវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៥៧ លានដុល្លារអាម៉េរិក។ ការគូសបញ្ជាក់នេះ ត្រូវបាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រកែច្នៃឈើដាំក្នុងស្រុក (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) របស់ក្រុមហ៊ុន TNTVN Forestry Co.,LTD ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីផងដែរពីសំណាក់ឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា, ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

មានមតិក្នុងពិធីសម្ពោធរោងចក្រនេះ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន TNTVN Forestry Co., LTd និងបានថ្លែងអំណរគុណ រួមជាមួយការកោតសរសើរចំពោះការសម្រេចចិត្តក្នុងការជ្រើសរើសប្រទេសកម្ពុជាជាទីតាំងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ឯកឧត្តមអគ្គលេខាធិការមានជំនឿជឿជាក់យ៉ាងមុតមាំថា រោងចក្រនេះនឹងមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើតការងារ និងបណ្តុះបណ្តាលជំនាញសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពឧស្សាហកម្មកម្ពុជាផងដែរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គលេខាធិការក៏បានគូសបញ្ជាក់ជូនអង្គពិធីពីបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល, ឧត្តមភាពប្រៀបធៀបរបស់កម្ពុជា រួមទាំងធនធានធម្មជាតិដ៏សម្បូរបែប, កម្លាំងពលកម្មវ័យក្មេងដែលមានជំនាញក្នុងវិស័យឧស្សាហកម្មនិងផលិតកម្ម ពិសេស តម្លៃពលកម្មដែលមានភាពប្រកួតប្រជែងខ្ពស់ និងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សម្រួលដល់ការដឹកជញ្ជូន ដែលកត្តាទាំងនេះបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការបណ្តាក់ទុនវិនិយោគ។

បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការក៏បានគូសរំលេចពីកំណើននៃការវិនិយោគក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដែលមានប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ម្យ៉ាងវិញទៀត ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៥៧ លានដុល្លារអាម៉េរិក។

 ឯកឧត្តមអគ្គលេខាធិការ បានជូនពរឱ្យក្រុមហ៊ុនទទួលជោគជ័យក្នុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ហើយសង្ឃឹមថាក្រុមហ៊ុនអាចនឹងមានលទ្ធភាពពង្រីកការវិនិយោគបន្ថែមទៀតជាបន្តបន្ទាប់នាពេលដ៏ខ្លីខាងមុខ ពិសេសការវិនិយោគលើដំណាំឈើដាំក្នុងស្រុក ដែលមិនត្រឹមតែបានផ្គត់ផ្គង់តម្រូវការផលិតកម្មរបស់ក្រុមហ៊ុននាពេលខាងមុខប៉ុណ្ណោះទេ ប៉ុន្តែអាចយកទៅកែច្នៃធ្វើគ្រឿងសង្ហារឹម ខណៈដែលកំទេចកំទីសំណល់ឈើអាចយកទៅប្រើប្រាស់ជាថាមពលកកើតឡើងវិញ ហើយដំណាំឈើដាំនេះក៏អាចទទួលបានអត្ថប្រយោជន៍ពីឥណទានកាបូនផងដែរ៕