មណ្ឌលគិរី៖ ពិតជាដំណឹងដ៏រីករាយមួយសម្រាប់ប្រទេសកម្ពុជាដែលតំបន់អេកូទេសចរណ៍ ចាហ៊ូ (Jahoo) ស្ថិតនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីត្រូវបានជ្រើសរើសជាអ្នកឈ្នះនៃប្រភេទ “Planet – មិនរកប្រាក់ចំណេញ/សហគ្រាសសង្គម” នៅ EXO Foundation ‘Sustainability Awards’ ជាមួយនឹងរង្វាន់ធំចំនួន៧ពាន់ដុល្លារ ដែលផ្តល់ដោយទទួលស្គាល់ការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ការអនុវត្ត និងគំនិតផ្តួចផ្តើមទេសចរណ៍។
ប្រភពព័ត៌មានបានឱ្យដឹងដែរថា តំបន់អេកូទេសចរណ៍ ចាហ៊ូ ក៏ទទួលបានការបោះឆ្នោតច្រើនជាងគេសម្រាប់ពានរង្វាន់ “ជម្រើសរបស់ប្រជាជន” នៅក្រោមចំណាត់ថ្នាក់នៃPlanet ជាមួយនឹងការបោះឆ្នោតចំនួន៤៤១មកពីជុំវិញពិភពលោក។ នេះគឺជារង្វាន់ដំបូងគេក្នុងចំណោមរង្វាន់ជាច្រើនសម្រាប់ចាហ៊ូ ក្នុងការទទួលស្គាល់ការងារបំផុសគំនិតដែលក្រុមការងារធ្វើជារៀងរាល់ថ្ងៃក្នុងការធ្វើឱ្យ ចាហ៊ូ ក្លាយជាកន្លែងទេសចរណ៍លំដាប់ពិភពលោកសម្រាប់ការអភិរក្ស និងអេកូទេសចរណ៍នៅកម្ពុជា។
ទីភ្នាក់ងារជំនួយអាមេរិក USAID បានឱ្យដឹងនាថ្មីៗមកនេះថា ចាហ៊ូគឺជាស្ថាប័នតែមួយគត់របស់កម្ពុជា ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែនក្នុងប្រភេទ “Planet – Non-Profit/Social Enterprise” ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ចាហ៊ូ ចំពោះវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពទូទាំងអាស៊ី។
គួរបញ្ជាក់ថា៖ អង្គការ WCS បានផ្តួចផ្តើមសម្របសម្រួលរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ហៅថា «ចាហ៊ូ» Jahoo នៅឆ្នាំ២០១៣ ហើយចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០១៤ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តតាមរយៈការដើរក្នុងព្រៃ និងលើកកម្ពស់ការយល់ដឹងនៃការអភិរក្សព្រៃឈើ និងសត្វព្រៃ៕