សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំនេះ ផ្តោតលើការផ្តល់សេវាសាធារណៈល្អ

0

ភ្នំពេញ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឧទ្ទិស​យក​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ឆ្នាំ​នេះ ផ្តោត​លើ​ការ​ផ្តល់​សេវា​សាធារណៈ​ល្អ ដោយ​មាន​ប្រធានបទ “​សេវា​សាធារណៈ​ល្អ រាស្ត្រ​ស្រលាញ់​គាំទ្រ​” ត្រូវ​បាន​ជ្រើសរើស​សំដៅ​លើកកម្ពស់​ស្មារតី ពង្រឹង​យន្តការ​គ្រប់គ្រង និង​ផ្តល់​សេវា​សាធារណៈ ប្រកបដោយ​លក្ខណៈ​ទំនើប និង​តម្លាភាព ចៀសវាង​នូវ​អំពើ​ពុក​រលួយ ការ​បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ ឬ​បំពាន​អំណាច​ក្នុង​ការ​អនុវត្ត​តួនាទី និង​ភារកិច្ច​។

យោង​តាម​សារលិខិត អបអរសាទរ​ទិវា​ជាតិ និង​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ០៩​ធ្នូ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ដើម្បី​ធ្វើ​ឱ្យ​ការងារ​រ​ផ្តល់​សេវា​សាធារណៈ​ល្អ​អាច​សម្រេច​ទៅ​បាន​ប្រកបដោយ​ប្រសិទ្ធភាព ត្រូវការ​ចាំបាច់​នូវ​រដ្ឋបាល​សាធារណៈ​ដែល​ស្អាតស្អំ ដែល​បម្រើ​រាស្ត្រ បម្រើ​រដ្ឋ​ប្រកបដោយ​មនសិការ និង​ការ​យកចិត្តទុកដាក់ ទទួលខុសត្រូវ ក៏​ដូច​ជា​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់​ផង​ដែរ​។

សម្ដេច​បវរ​ធិ​បតី បាន​ស្នើ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​ដូច​ជា ស្ថាប័ន និង​តួអង្គ​ពាក់ព័ន្ធ​រួម​គ្នា​អនុវត្ត​នូវ​សកម្មភាព​គន្លឹះ​ៗ​មួយ​ចំនួន​ដែល​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​រួម​គ្នា​នេះ រួម​មាន​៖(១) ពង្រឹង​ការ​អប់រំ​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ឱ្យ​មាន​វិសាលភាព​គ្របដណ្ដប់​បាន​កាន់តែ​ទូលាយ ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ស្រទាប់សង្គម ទាំង​ក្នុង​សាលា​-​ក្រៅ​សាលា ទាំង​ក្នុង​ស្ថាប័ន​សាធារណៈ ឯកជន និង​សង្គម​ស៊ី​វិល ទាំង​មុន​ចេញ​ធ្វើការ និង​ក្នុង​ពេលធ្វើការ​។​(២) ជំរុញ​ការ​បង្ការ​ទប់ស្កាត់​ក្នុង​រដ្ឋបាល​សាធារណៈ រួម​មានការ​ផ្តល់​សេវា​សាធារណៈ​បាន​កាន់តែ​មាន​តម្លាភាព និង​គណនេយ្យ​ភាព​-​ការ​គ្រប់គ្រង​ទំនាស់​ផលប្រយោជន៍​-​ការ​ការពារ​បុគ្គល​រាយការណ៍​-​ការ​ដាក់​វិន័យ និង​ទោសទណ្ឌ​-​ល​-​។​(៣) ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ស្ថាប័ន​សាធារណៈ​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើ​ពុក​រលួយ ស្ថាប័ន​នីតិប្បញ្ញត្តិ វិស័យ​ឯកជន សង្គម​ស៊ី​វិល ផ្នែក​សិក្សាធិការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ សំដៅ​ពង្រឹង និង​ពង្រីក​ការងារ​អប់រំ និង​បង្ការ​ទប់ស្កាត់​ឱ្យ​បាន​កាន់តែ​រលូន និង​មាន​ប្រសិទ្ធភាព​។

(៤) ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវការ​ការ​រួម​គ្នា​ពី​គ្រប់​ភាគី ហើយ​ភាព​ស្អាតស្អំ ត្រូវ​តែ​កើត​ចេញពីផ្ទះ នៃ​ភាគី​នីមួយ​ៗ​ស្ថាប័ន​នីមួយ​ៗ​។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ត្រូវ​ដើរតួ​នាទី ជំរុញ និង​សម្របសម្រួល​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ចាំបាច់​នានា ទាំង​ក្នុង​ការងារ​អប់រំ និង​បង្ការ​ទប់ស្កាត់​ជាមួយ​ដៃគូ​ទាំងអស់ ដោយ​ផ្តោត​ជា​ពិសេស​លើ​ការ​អនុវត្ត​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​ជាតិ​របស់​រាជរដ្ឋាភិបាល និង​ស្រប​ជាមួយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ដាក់​ចេញ​ដោយ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​។

(៥) ដើម្បី​ធានា​នូវ​អភិបាលកិច្ច​ល្អ​ក្នុង​ការ​ដឹកនាំ និង​គ្រប់គ្រង​ស្ថាប័ន មន្ត្រីរាជការ​ទាំងអស់​ត្រូវ​ចង​ចាំ​នូវ​អភិក្រម​ទាំង​៥“​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​” ជា​ត្រីវិស័យ​បង្ហាញផ្លូវ​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច និង​ការ​រស់នៅ​ប្រកបដោយ​សីលធម៌​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​៕