ការងារជួសជុលប្រាសាទឥដ្ឋ ជ្រុងឦសាននៃប្រាសាទភ្នំក្រោម គ្រោងនឹងបញ្ចប់ចុងឆ្នាំនេះ

0

សៀមរាប៖ បន្ទាប់ពីចំណាយពេលជាង៥ខែមកហើយ ក្រុមអ្នកជំនាញរបស់​អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាន​នៃ​ប្រាសាទភ្នំក្រោម ខេត្តសៀមរាប គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ​២០២៤នេះ។

អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទភ្នំក្រោម លោក រស់ វិសុទ្ធ បានរំលឹកឡើងវិញពីប្រវត្តិជួសជុលប្រាសាទឥដ្ឋដ៏ទ្រុឌទ្រោម​នេះ។ លោកបាននិយាយ​ថា ដំណើរការងារដំបូង ក្រុមការងារបានធ្វើសម្រង់​ប្លង់ រៀបចំឯកសារ ជួសជុលពង្រឹងគ្រឹះជុំវិញ ជួសជុល​ពង្រឹងទីតាំង​ដែល​ឥដ្ឋពុកផុយរលុះ មានសសរផ្អោប ជញ្ជាំង ជើងខឿន ក្បាល​ជញ្ជាំង។ ជាពិសេសជ្រុង​ពាយ័ព្យ​ដែលមានស្ថានភាពរលុះឥដ្ឋធ្ងន់ធ្ងរ ត្រូវបានជួសជុលពង្រឹងបានរឹងមាំឡើងវិញ។

ចង្អុលទៅរកលទ្ធផល លោក វិសុទ្ធ បញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបាន​បន្តជួសជុលនៅផ្នែកកំពូលដំបូលខាងលើនៃតួប្រាសាទ ដែលសម្រេច​បាន៩០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។

ប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោមនេះ បើមើលពី​ខាងក្រៅ ឃើញថាមានការខូចខាតតិចតួច។ ប៉ុន្តែបើការ​សិក្សាស៊ីជម្រៅ ប្រាសាទ​នេះ មានការខូចខាតធ្ងន់ធ្ងរប្រឈមនឹងការរលំនៅ​ជ្រុង​ពាយ័ព្យ និងផ្នែកដំបូល។ ការជួសជុល បាន​សង្គ្រោះប្រាសាទ​នេះ​ឱ្យរួចផុតពីហានិភ័យ ទប់ស្កាត់ការខូចខាតបានទាន់ពេលវេលា ហើយបច្ចុប្បន្នប្រាង្គ មានភាពរឹងមាំ​ឡើងវិញ និងរក្សាបានទម្រង់ដើម​ស្ទើរតែទាំងស្រុង ដោយក្រុមការងារបានខិតខំធ្វើយ៉ាងណាបំពេញ​ការងារបានទាន់ពេលវេលា មានភាពរឹងមាំ និងត្រឹមត្រូវតាមលក្ខណៈ​បច្ចេកទេស បន្តអាយុកាលយូរអង្វែងដល់កូនខ្មែរជំនាន់ក្រោយ ។នេះបើតាមលោករស់ វិសុទ្ធ រៀបរាប់ឱ្យដឹង៕