អាជ្ញាធររាជធានីភ្នំពេញ ណែនាំឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងកាយ ដើម្បីមានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គមជាតិទាំងមូល

0

ភ្នំពេញ៖ ការទទួលព័ត៌មានក្លែងក្លាយនឹងទទួលនូវគ្រោះមហន្តរាយដ៏ធំសម្រាប់សុខភាព ទ្រព្យសម្បត្តិក្រុមគ្រួសារ និងសង្គមជាតិ ដូច្នេះត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងកាយ ដើម្បីឱ្យមានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត សន្តិភាពក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។ នេះជាការលើកឡើងរបស់ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីបើកបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំង និងការឆ្លើយតបព័ត៌មានក្លែងក្លាយ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

ពិធីនេះដោយមានការចូលរួមជាអធិបតីភាពពី ឯកឧត្ដម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាង ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាគ្រូបង្គោល និងឯកឧត្ដម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានជាគ្រូបង្គោល។

ឯកឧត្ដម កើត ឆែ បានមានប្រសាសន៍លើកឡើងថា វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងវិស័យព័ត៌មាននេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡើងចំនួន ៧វគ្គ រួចមកហើយ ដោយមានសិក្ខាកាមដែលជាមន្ត្រីរាជការរបស់រដ្ឋបាលចំនួនជាង ១ពាន់នាក់ចូលរួម។

ឯកឧត្តម អភិបាលរងរាជធានីភ្នំពេញ បន្តថា វិស័យព័ត៌មាន មានការប្រែប្រួលយ៉ាងឆាប់រហ័ស ទៅតាមបច្ចេកវិទ្យាយុគសម័យ DIGITAL។ ក្នុងសម័យកាល DIGITAL នាពេលបច្ចុប្បន្ននេះ នរណាម្នាក់ ក៏ជាអ្នកព័ត៌មានដែរ គ្រាន់តែមានអាជីព និងអត់អាជីពប៉ុណ្ណឹង។ សម្រាប់ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសហការពីក្រសួងព័ត៌មាន បានរួមគ្នាបង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលវិស័យព័ត៌មាននេះ គឺដើម្បីប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ។ ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននៅចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយកម្ពុជាជាប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ លុះត្រាតែយើងទាំងអស់គ្នា រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ឯកឧត្តម អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការទទួលបានព័ត៌មានពិត ព័ត៌មានច្បាស់លាស់ យើងនឹងទទួលបានជ័យជំនះ តែបើយើងទទួលព័ត៌មានក្លែងក្លាយ យើងនឹងទទួលនូវមហន្តរាយដ៏ធំ ទាំងសុខភាព ទាំងធនធានលុយកាក់ ទាំងគ្រួសារ ក៏ដូចជា សង្គមជាតិទាំងមូល។ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺជារឿងរបស់យើងទាំងអស់គ្នា៕