ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន និងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់ អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន ៣៥១ ២៧៦នាក់ ក្នុងនោះស្ត្រីចំនួន១៦៦០៣៤នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្មតាមរយៈជនបង្គោល ឃុំ/សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ជនមានពិការភាពបានចំនួន២៥០ ៧៣០បណ្ណ។
នេះបើយោងតាមសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
តាមសារលិខិតខាងលើ បានបន្ថែមថា មន្ត្រីរាជការមានពិការភាពជាច្រើនត្រូវបានលើកទឹកចិត្ត តាមគុណសម្បត្តិ ដោយបានតែងតាំងឬផ្ដល់ឋានៈជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្នុងជួរ រាជរដ្ឋាភិបាលនៅតាមក្រសួង ស្ថាប័ន និងជាអាជ្ញាធរដែនដីជាដើម ប្រកបដោយកិត្តិយសនិងសេចក្ដីថ្លៃថ្នូរ។
គិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ មានក្រសួង ស្ថាប័នចំនួន៣៩ បានទទួលយកជនមានពិការភាពចូល បម្រើការងារចំនួន៣ ៨១៦នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន៨៨២នាក់ ជនមានពិការភាពកម្រិតធ្ងន់ ចំនួន២ ៣៥១នាក់ បើគិតជាភាគរយគឺស្មើនឹង ២,០៤%។ ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ញិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានចំនួន២៨៧ បានទទួលយកជនមានពិការភាពចូលបម្រើការងារចំនួន៥ ៦៨៤នាក់ ស្ត្រីមានពិការភាពចំនួន៣៥៧៨នាក់។
សរុបទាំងក្រសួង ស្ថាប័ន រដ្ឋនិងវិស័យឯកជនទូទាំងប្រទេស បានទទួលយកជនមានពិការភាពចំនួន៩ ៥០០នាក់ ឱ្យបម្រើការងារ ដោយទទួលបានប្រាក់ចំណូលនិងអត្ថប្រយោជន៍សង្គម ទៅតាមមុខតំណែងតួនាទី និងការងារស្របតាម សមត្ថភាពនិងទេពកោសល្យរៀងៗខ្លួន។
ជាមួយគ្នានោះ ការងារស្ដារលទ្ធភាពពលកម្មកាយសម្បទា បានផ្តល់សេវាជូនជនមានពិការភាពចំនួន២៧ ៧៧៤នាក់ ស្ត្រីចំនួន៦ ៨០៥នាក់, បានផ្តល់សេវាស្តារវេជ្ជសាស្ត្រចំនួន៣៦ ០៧៤នាក់ ស្ត្រីចំនួន១៨ ០១៥នាក់, បានផ្តល់ឧបករណ៍ទ្រទ្រង់រាងកាយចំនួន៨ ១៧៤គ្រឿង រួមទាំងបានផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍ ជូនជនមានពិការភាពបានចំនួន៨ ៥០៥នាក់៕