ស្ថាបត្យករវ័យក្មេង​បង្ហាញគំនិតកែលំអមហាវិថីព្រះមុនីវង្ស និង​ព្រះនរោត្តម ជាបណ្តាញផ្លូវនៃទីក្រុងបៃតង

0

ភ្នំពេញ៖ ​ក្នុងព្រឹត្តិការណ៍​វិចិត្រ​សាល​ស្ថាបត្យកម្ម​២០២៤ ដែលរៀបចំ​ដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ សហការជា​មួយ​គណៈស្ថាបត្យករ​កម្ពុជា សហភាពសហព័ន្ធយុវជន​កម្ពុជា សមាគម​ស្ថាបត្យករ នៃកម្ពុជា សមាគមស្ថាបត្យករអង្គរ និង​សមាគម​វិនិយោគ សំណង់ និងស្ថាបត្យកម្ម​កម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤​នោះ​ស្ថាបត្យករ​វ័យក្មេងចំនួន​២ក្រុម ដែលសុទ្ធសឹងតែជាយុវជនជំនាន់ថ្មី បានបង្ហាញអំពីគំនិត​ស្រដៀងគ្នា ក្នុងការ​កែប្រែមហាវិថីព្រះមុនីវង្ស ដែលពោរពេញដោយ​ចរាចរណ៍ និង​មហាវិថីព្រះនរោត្តម ទៅជា​បណ្តាញ​ផ្លូវ​នៃទីក្រុង​បៃតង រួម​បញ្ចូលជាមួយ​ការ​លើកទឹកចិត្តប្រជាជន​ឱ្យ​មានសកម្មភាពដើរ ជិះកង់ ព្រមទាំង​ប្រើប្រាស់សេវាកម្មសាធារណៈ នៅ​តាមបណ្តោយ​មហាវិថីទាំងពីរនេះ។

គំនិតថ្មីរបស់ស្ថាបត្យករវ័យក្មេង​ទាំង​២ក្រុមនេះ បានជាប់ជ័យលាភី​លេខ១ ក្នុងការ​ប្រកួត​គម្រោងកែលម្អទីក្រុងភ្នំពេញ តាម​បណ្តោយ​មហាវិថីព្រះមុនីវង្ស និង​មហាវិថីព្រះនរោត្តម ដែល​រៀបចំ​ និង​គាំទ្រ​ដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លើបទបង្ហាញ មហាវិថីព្រះមុនីវង្ស គឺជាមហាវិថី​ដែលភ្ជាប់ពីស្ពាន​ព្រះមុនីវង្ស ឬស្ពានក្បាលថ្នល់ រហូត​ដល់រង្វង់មូល​ស្ពានជ្រោយ​ចង្វា។នៅ​តាម​បណ្តោយ​មហាវិថីនេះ ពោរពេញ​ដោយ​អគាររដ្ឋ ការិយាល័យ សណ្ឋាគារ និង​កន្លែង​ប្រកបអាជីវកម្ម។ ដោយ​ឡែក​មហាវិថីព្រះ​នរោត្តម តភ្ជាប់ជាមួយ​ស្ពាន​ព្រះមុនីវង្ស ឬស្ពានក្បាលថ្នល់ ទៅកាន់រមណីយ​​ដ្ឋានវត្តភ្នំ ដោយឆ្លងកាត់វិមានឯករាជ្យ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មន្ទីរពេទ្យ​ព្រះអង្គឌួង និងទីតាំងវប្បធម៌ប្រវត្តិសាស្រ្ត​ជាច្រើន។

លោក ចន្ធី ម៉ានីរត្ន័ ស្ថាបត្យករវ័យក្មេងដែលជាសមាជិកក្រុមទទួល​បានជ័យលាភី សម្រាប់គម្រោង “ការរចនាដងផ្លូវមុនីវង្ស” បានលើក​ឡើងថា នៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ជាផ្លូវដែលមាន​ប្រវែងវែង និងជាវិថីដែលមានភាពមមាញឹកខ្លាំង​ព្រោះ​អ្នកធ្វើ​ដំណើរច្រើន។ជាមួយគ្នានេះមហាវិថីព្រះមុនីវង្ស ជាផ្លូវដែលបានឆ្លង​កាត់សួនច្បារសាធារណៈ និងកន្លែងសំខាន់ៗជាច្រើន ដូចនេះ​ការកែលម្អ និងកែច្នៃបណ្តោយ​មហាវិថីនេះឱ្យស្អាត និងមានសណ្ដាប់​ធ្នាប់​ឡើងវិញជាអ្វីដែលគួរតែកើតមានឡើងនៅ​ពេលអនាគត។

តាមរយៈ​ការ​ចុះ​ប្រមូលទិន្នន័យ មហាវិថីព្រះមុនីវង្សត្រូវ​បានប្រើប្រាស់​ដោយ​មធ្យោបាយធ្វើដំណើរចម្រុះ ក្នុងនោះទោចក្រយានយន្ត​មានចំនួនច្រើន​ជាង​គេរហូត​ដល់ជាង៧០ភាគរយ ខណៈរថយន្ត​មាន​៤០ភាគរយ តែ​ការធ្វើដំណើរ​ដោយ​ថ្មើរជើង ,កង់ និងមធ្យោ​បាយ​សាធារណៈ មានចំនួនតិចតួច។នេះបើតាមការបញ្ជាក់របស់លោក ចន្ធី ម៉ានីរត្ន័ ។

លោកបន្ថែមថា ទិន្នន័យ​ក៏​បានរកឃើញ​ដែរថា បណ្តោយ​មហាវិថីនេះ តែងមានការកកស្ទះចរាចរណ៍​ជាច្រើនចំណុចដូចជានៅ​ម្តុំ​រង្វង់មូល​គួចកាណុងក្បែរគល់ស្ពានជ្រោយចង្វា, ម្តុំក្បែរ​ផ្សារធំថ្មី ច្រកចូលផ្សារ​អូរឬស្សីជាដើម។ លោកបន្តថា ដោយ​មើលឃើញ​ពីបញ្ហាទាំងនេះ ទើបគម្រោងរចនាកែលម្អដងផ្លូវព្រះមុនីវង្សបានគិតគូរទៅ​លើការដោះ​ស្រាយផ្លូវចរាចរណ៍ដោយការប្រើប្រាស់​សេវាសាធារណៈឱ្យ​បានច្រើន​ជាងមុន ។នោះ​គឺការបន្ថែមរថយន្ត​ក្រុងសាធារណៈរត់តាម​បណ្តោយផ្លូវ​នេះបន្ថែម លើកទឹកចិត្ត​ប្រជាជន​ឱ្យ​ធ្វើដំណើរដោយថ្មើរជើង ឬជិះកង់ និងបង្កើតទីក្រុងបៃតង ដែលវា​ក៏​នឹង​ចូលរួមកាត់បន្ថយការបំផ្លាញ​ស្រទាប់​អូហ្សូនដែល​ប៉ះពាល់ទៅដល់ផែនដី។

លើបទបង្ហាញក្រៅតែពីការ​គិតគូរ​លើ​ការ​ដោះស្រាយ​បញ្ហាចរាចរណ៍ និង​បង្កើតទីក្រុងបៃតង គម្រោង​ រចនាដងផ្លូវព្រះមុនីវង្ស របស់​ក្រុម​លោក ម៉ានីរ័ត្ន ក៏​បានគិតគូរដល់​ការចូលរួមថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបស់សាធារណរួមឱ្យបានល្អ ដើម្បីអាចទាក់​ទាញ​ភ្ញៀវទេសចរ និងបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជនក្នុង​សហគមន៍ ជាពិសេសនៅក្នុងតំបន់មហាវិថីព្រះមុនីវង្ស។

ចំណែកលោក តែ ម៉េឡូឌី តំណាង​ក្រុមជ័យលាភីលេខ១ គម្រោង​ “ការរចនាដងផ្លូវព្រះនរោត្ដម” ក៏​បាន​បង្ហាញពីការបំផុសគំនិត​បន្ថែម​ទៅលើរចនាសម្ព័ន្ធនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ដែលភ្ជាប់គំនិតថ្មីៗដូចជា បង្កើតសួនស្មៅ ដាំដើមឈើ ឬសួនបៃតង​តាមដងផ្លូវ មានការតុបតែងដាំផ្កា និងបន្ថែមតុកៅអីសម្រាកកម្សាន្ត​សម្រាប់​សាធារណៈជន និងភ្ជាប់ដោយផ្លូវថ្មើរជើង និងផ្លូវសម្រាប់​ជិះកង់។ ជាពិសេស ការបន្ថែមគំនិតសំខាន់ និងគួរយកចិត្តទុកដាក់​ដូចជា សាលារៀន មន្ទីរពេទ្យ និងចំណតរថយន្តក្រុងសាធារណៈ ដោយមានការបង្ហាញពីក្ដារផ្សព្វផ្សាយនូវព័ត៌មាន ចំណេះដឹងទូទៅផ្សេងៗ​ដែលអាចជាប្រយោជន៍ដល់សាធារណៈជន។

បើតាមលោក ម៉េឡូឌី បច្ចុប្បន្នការប្រើប្រាស់បណ្ដោយផ្លូវមហា​ព្រះនរោត្តម មិនបានត្រឹម​ត្រូវនៅឡើយ ។លោក​សង្កេត​ឃើញថា កន្លែងខ្លះគេ​បានយកខឿនផ្លូវធ្វើជាកន្លែងចតរថយន្ត និងមិនទាន់​ប្រើប្រាស់ផ្លូវឱ្យបានច្រើនអស់ពីលទ្ធភាព ។ជាពិសេសមិនទាន់​ផ្ដល់ឱ្យប្រជាជនក្នុងតំបន់ប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍​ផ្សេងៗ៕