បាត់ដំបង៖ តំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយកន្លែងដែលសម្ងំលាក់ខ្លួននៅក្នុងព្រៃភ្នំជ្រលងបព្វតា ក្នុងទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង បានចាប់ផ្តើមបង្ហាញនូវភាពមនោរម្យរបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរឱ្យចូលទៅកម្សាន្តនៅទីនោះ។ សម្រស់ធម្មជាតិនៃជ្រោះជ្រលងដងអូរទឹកហូរកាត់ថ្មដា និងខ្យល់អាកាសដ៏បរិសុទ្ធនៅក្នុងតំបន់ព្រៃភ្នំនៅទីនេះមានលក្ខណៈល្អស្រស់ដោយឡែកប្លែកពីរមណីយដ្ឋានផ្សេងៗទៀតក្នុងខេត្តបាត់ដំបង។
ដើម្បីទៅកាន់ទីនោះយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ចេញពីទីរួមខេត្តបាត់ដំបង ឆ្ពោះទៅទិសខាងលិច ហើយបត់ឆ្វេងត្រង់រង្វង់មូលភ្ជាវ ឆ្ពោះទៅទឹកដីស្រុកសំឡូត ហើយបត់ចូលតាមច្រកវត្តស្វាយ។ បើគិតជាចម្ងាយផ្លូវមានប្រវែងប្រមាណ៨០គីឡូម៉ែត្រ ពីក្រុងបាត់ដំបងនោះយើងនឹងទៅដល់តំបន់រមណីយដ្ឋានទំនប់បង្ហៀរទឹកស្ទឹងគ្រញូង។ ទឹកស្ទឹងដែលហូរកាត់ព្រៃព្រឹក្សា និងជ្រលងថ្មដា បង្កើតបានជាទេសភាពធម្មជាតិយ៉ាងល្អប្រណិត។
តំបន់រមណីយដ្ឋានទំនប់បង្ហៀរទឹកស្ទឹងគ្រញូងស្ថិតក្នុងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបច្ចុប្បន្ននៅទីនោះព្រះសង្ឃដែលគង់នៅវត្តស្ទឹងក្រញូង បានកសាងនូវទំនប់បង្ហៀរនេះឡើង និងបានក្លាយទៅជារមណីយដ្ឋានដ៏ស្រស់ត្រកាល និងជាពិសេសគឺចាប់ពីដើមរដូវវស្សារហូតដល់រដូវរំហើយ ព្រោះមានទឹកហូរកាត់ឥតឈប់។ នៅក្បែរព្រៃភ្នំនោះក្បែរៗនោះ ពួកអ្នកភូមិបានបង្កើតជាខ្ចុះ និងអាហារដ្ឋានប្រកបរបរលក់ចំណីអាហារភេសជ្ជៈគ្រប់ប្រភេទតាមតម្រូវការរបស់ភ្ញៀវទេសចរដែលទៅកម្សាន្ត។
លោក មុត សំណាង ជាប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង ដែលបាននាំក្រុមគ្រួសារទៅកម្សាន្តនៅទីនោះបានរៀបរាប់ថា នេះជាលើកទីមួយហើយដែលលោកបាននាំក្រុមគ្រួសារមកកម្សាន្តនៅរមណីយដ្ឋានធម្មជាតិទំនប់បង្ហៀរទឹកស្ទឹងគ្រញូង។ វាពិតជាស្រស់ស្អាតមែន ដោយសារតែមានព្រៃភ្នំ និងទឹកហូរខ្មួលខ្មាញ់កាត់ផ្ទាំងថ្មគួរឱ្យត្រជាក់ចិត្ត ចំណីអាហារមានរសជាតិឆ្ងាញ់ហើយតម្លៃក៏សមរម្យ។ ចម្ងាយត្រឹម៨០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងមិនឆ្ងាយប៉ុន្មានទេ ដូច្នេះគួរតែនាំគ្នាទៅកម្សាន្តឱ្យបានច្រើនកុះករ ពិសេសនៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យចុងសប្តាហ៍ និងថ្ងៃបុណ្យទានជាដើម។
គួររំលឹកដែរថា ក្នុងពិធីបុណ្យប្រណាំងទូកថ្នាក់ខេត្តនាពេលកន្លងមករយៈពេលបីថ្ងៃ ខេត្តបាត់ដំបងបានទទួលនូវភ្ញៀវទេសចរចូលទៅកម្សាន្តជាង១១០០០០នាក់ ដែលភាគច្រើនឆ្ពោះទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិនានារបស់ខេត្តនេះ ក្រៅពីការទស្សនាការអុំទូក៕