កំពត៖ ក្រសួងទេសចរណ៍ បានប្រកាសពីការរៀបចំបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅខេត្តកំពត ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ខាងមុខឆាប់ៗនេះ។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងជញ្ជូន បានឱ្យដឹងនាថ្ងៃទី២៩ ខែវិច្ឆិកានេះ ថា ទន្ទឹមនឹងការប្រកាសពីព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន បានប្រឹងប្រែងជំរុញ និងធ្វើឱ្យប្រសើរឡើងផ្លូវជាតិដែលមានទិសដៅឆ្ពោះទៅកាន់ខេត្តកំពត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងវឌ្ឍនភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សមិទ្ធផលរួចរាល់ និងជិតរួចរាល់ អនុវត្តន៍ដោយក្រសួងសធារណការ និងដឹកជញ្ជូន មានទិសឆ្ពោះទៅកាន់ខេត្តកំពតនិយាយដោយឡែក និងខេត្តតំបន់មាត់សមុទ្រតារារះទិសនិរតីនិយាយជារួម សុទ្ធតែគួរជាទីមោទកភាពបំផុត ក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ២(ស្ពានព្រះមុនីវង្ស-តាកែវ),ផ្លូវលេខ២២(អូរចំបក់-អង្គតាសោម),ផ្លូវជាតិលេខ៣(កំណាត់ភ្នំពេញ-ក្រុងកំពត),ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឬផ្លូវជាតិលេខ៤ ដោយឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៣(វាលរេញ-ត្រពាំងរពៅ(ផ្លូវដី)-ក្រុងកំពត),ផ្លូវជាតិលេខ៤១ (ថ្នល់ទទឹង-ល្អាង),ផ្លូវជាតិលេខ៣១(បែកគុស-កំពង់ត្រាច), ផ្លូវជាតិលេខ៣៣(ក្រុងកំពត-ច្រកលក,ព្រំដែនកម្ពុជា វៀតណាម),វិថីតេជោសន្ដិភាពឆ្នេរអង្កោល និងហេដ្ឋានរចនាសម្ព័ន្ធប្រទាក់ក្រឡាជាច្រើនទៀត៕