ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី បានរៀបចំកិច្ចប្រជុំអាជ្ញាធរជាតិអាវុធគីមីស្តីពីការប្រកាសសមាសភាពនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបានផ្តោតទៅលើរបៀបវារៈចំនួន៣៖ ទី១. ប្រកាសសមាសភាពនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ទី២. ស្វែងយល់ពីច្បាប់គោលរបស់កម្ពុជាទាក់ទងទៅនឹងអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងទី៣. របាយការណ៍សង្ខេបលទ្ធផលការងារសម្រេចបាន របស់អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មឆ្នាំ២០២៣ និងលទ្ធផលការងារសម្រេចបាននៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤។
ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ក្នុងការចូលរួមសហការកន្លងមកពីសំណាក់ឯកឧត្តម លោកជំទាវជាអនុប្រធាន និងសមាជិកសមាជិកានៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ក្នុងការជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលលើកិច្ចការ ជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី លេចចេញជារូបរាង និងបន្តលូតលាស់បម្រើការងារយ៉ាងសកម្ម មានប្រសិទ្ធភាពក្នុងការការពារនៃការរីកសាយភាយអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មនៅកម្ពុជា។
អាជ្ញាធរជាតិអាវុធគីមី ដែលហៅកាត់ថា «អ.ជ.អ.គ» គឺជាស្ថាប័នជាតិ ដែលធ្វើជាតំណាងឱ្យរាជរដ្ឋាភិបាលតែមួយគត់ ក្នុងការដោះស្រាយរាល់សកម្មភាពនានា ក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម។ មួយវិញទៀត អាជ្ញាធរជាតិអាវុធគីមី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់ជាតិ និងច្បាប់អន្តរជាតិ រៀបចំគោលនយោបាយ សកម្មភាព និងផ្សព្វផ្សាយធានាការអនុវត្ត តាមដានត្រួតពិនិត្យ និងការគ្រប់គ្រង ទាក់ទងទៅនឹងការអនុវត្តទប់ស្កាត់អាវុធមហាប្រល័យ និងបច្ចេវិទ្យាពាក់ព័ន្ធ ព្រមទាំងមធ្យោបាយដឹកជញ្ជូនសារធាតុគ្រឿងសម្ភារសម្រាប់ផលិតគ្រឿងទាំងអស់នេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយរដ្ឋមន្ត្រីបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងការដឹកនាំការអនុវត្តកិច្ចការងារដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការងារដែលសម្តេចពិជ័យសេនា ទៀ បាញ់ បានដាក់ចេញកន្លងមក។ ឯកឧត្តមជឿជាក់ថា តាមរយៈការប្រកាសសមាសភាពពិតជាមានសារៈសំខាន់ និងបន្តចូលរួមអនុវត្តសកម្មភាពការងារ នៅក្នុងអាជ្ញាធរជាតិអាវុធគីមី ដើម្បីបន្តបេសកកម្មដ៏ថ្លៃថ្លា ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនរបស់កម្ពុជា។
សូមជម្រាបជូនថា ក្នុងព្រះរាជក្រឹត្យស្តីពីការបង្កើតអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មនៃរាជរដ្ឋាភិបាល អាណត្តិទី៧ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានអាជ្ញាធរជាតិអាវុធគីមី៕