កម្ពុជា រំពឹងថានឹងទទួលបានភ្ញៀវទេសចរសិង្ហបុរីបន្ថែមទៀត នៅឆ្នាំ២០២៥ខាងមុខនេះ

0

ភ្នំពេញ៖ ឯកឧត្តម អ៉ិត វិជិត នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាបានធ្វើទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅទីស្នាក់ការសមាគមជាតិទីភ្នាក់ងារទេសចរណ៍នៃប្រទេសសិង្ហបុរី (NATAS)។

គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីចូលរួមពិភាក្សា និងស្វែងយល់ពីលទ្ធភាពក្នុងការសហការផ្សព្វផ្សាយ កម្ពុជា ជាគោលដៅឈានមុខសម្រាប់ទេសចរសិង្ហបុរី តាមរយៈការរៀបចំដំណើរកម្សាន្ត ផ្លាស់ប្ដូរបទពិសោធន៍ និងភាពជាដៃគូជាមួយទីភ្នាក់ងារទេសចរណ៍សំខាន់ៗនៅក្នុងប្រទេសសិង្ហបុរី។

NATAS បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក.ផ.ផ. ដើម្បីបង្ហាញពីសក្តានុពលទាក់ទាញដ៏សំខាន់សម្រាប់កំណើនភ្ញៀវទេសចរសិង្ហបុរីមកទស្សនាកម្ពុជា។

តាមមរយៈ កិច្ចខិតខំប្រឹងប្រែងរបស់ក.ផ.ផ. កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរសិង្ហបុរីបន្ថែមទៀតនៅឆ្នាំ២០២៥ខាងមុខនេះ ដែលនេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងក.ផ.ផ. និងNATAS.។

គួរបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ កម្ពុជាបានទទួលភ្ញៀវទេសចរសិង្ហបុរីប្រមាណ ៣១,១៧៦នាក់។

កិច្ចប្រជុំនេះទទួលបានលទ្ធផល និងផ្លែផ្កាគួរជាទីមោទនៈ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារទេសចរណ៍កម្ពុជា និងសិង្ហបុរី ក៏ដូចជាការបង្ហាញពីភាពទាក់ទាញដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ទីផ្សារសិង្ហបុរីផងដែរ។

យោងតាមការសិក្សារបស់ Visa Global Travel Intentions Study 2023 ដែលបានស្ទង់មតិលើប្រជាជនសិង្ហបុរីជាង ១,០៦៥នាក់ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៣ ភ្ញៀវទេសចរសិង្ហបុរីជាធម្មតាចំណាយជាមធ្យម ៤៣២ដុល្លារសម្រាប់ការទិញទំនិញ និង៥២៦ដុល្លារសម្រាប់ការទទួលទានអាហារក្នុងមួយដំណើរកម្សាន្ដ។ ការសិក្សាក៏បានបង្ហាញផងដែរថា ភ្ញៀវទេសចរសិង្ហបុរីគ្រោងនឹងបង្កើនចំនួនការធ្វើដំណើររបស់ពួកគេនៅឆ្នាំ២០២៤ ជាមួយនឹងការធ្វើដំណើរជាមធ្យម ៤.៦ដងធៀបនឹងការធ្វើដំណើរ ៤.៤ក្នុងឆ្នាំ២០២៣ ខណៈការស្នាក់នៅនឹងមានរយៈពេលយូរដល់ជាមធ្យម ៧.៤ យប់ក្នុងមួយដំណើរកម្សាន្ដ។

បន្ថែមពីនេះ ដើម្បីពង្រឹងយុទ្ធសាស្ត្រជំរុញទីផ្សារ និងបង្កើនភាពប្រកួតប្រជែងក្នុងទីផ្សារសិង្ហបុរី ក.ផ.ផ. នឹងចូលរួមក្នុងពិព័រណ៍ទេសចរណ៍ NATAS ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ ព័ត៌មានបន្ថែមស្តីពីការចូលរួមនឹងផ្តល់ជូនក្នុងពេលឆាប់ៗនេះ៕