ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងសកម្ម របស់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដោយធានាបានបរិយាកាសសង្គម ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

0

ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងសកម្ម និងការលះបង់ពុះពារមិនខ្លាចនឿយហត់ របស់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដោយធានាបានបរិយាកាសសង្គម អំណោយផលបម្រើដល់ការរៀបចំនូវកម្មវិធីសិល្បៈ កីឡា និងទស្សនីយភាពផ្សេងៗ យ៉ាងក្លៀវក្លារស់រវើក ដើម្បីអបអរនូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។

តាមរយៈលិខិតសរសើរ និងថ្លែងអំណរគុណ ផ្ញើជូនគណៈបញ្ជាការឯកភាពនៃរដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ លំដាប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្ត ដ៏មោះមុត ចូលរួមសហការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានយ៉ាងល្អប្រសើរ ក្នុងឱកាស នៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ប្រកបដោយជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា «ពីមួយឆ្នាំទៅមួយឆ្នាំ ព្រះរាជពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម និងទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងក្លាឡើងទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែលខ្ញុំ សូមយកឱកាសនេះ វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងសកម្ម និងការលះបង់ពុះពារមិនខ្លាចនឿយហត់របស់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដោយធានាបានបរិយាកាសសង្គម អំណោយផលបម្រើដល់ការរៀបចំនូវកម្មវិធីសិល្បៈ កីឡា និងទស្សនីយភាពផ្សេងៗ យ៉ាងក្លៀវក្លារស់រវើក ដើម្បីអបអរនូវព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់នេះ ជាពិសេសញ៉ាំងឱ្យប្រជាពលរដ្ឋរាប់លាននាក់នៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា រួមទាំងភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទី បានចូលរួមកំសាន្តសប្បាយដោយ សេចក្តីសោមនស្ស និងទទួលបានបទពិសោធន៍ល្អៗពីកម្ពុជា ព្រមទាំងរួមចំណែកផ្សព្វផ្សាយនូវប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ និងលើកស្ទួយកិត្យានុភាពជាតិកាន់តែថ្កុំថ្កើងលើឆាកអន្តរជាតិ»។

ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា តាមរយៈជោគជ័យដ៏ត្រចះត្រចង់ នៃការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ឯកឧត្តម ចាត់ទុកថា នេះគឺជាស្នាដៃ និងសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រមួយទៀតរបស់ កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ហើយក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ដល់ការបង្កើន ទំនុកចិត្តកាន់តែមុតមាំ និងបង្ហាញទៅកាន់សកលលោកអំពីការបន្តធានាបានយ៉ាងរឹងមាំនូវសន្តិភាពពេញ បរិបូរណ៍នៅព្រះរាជាណាចក្រកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញគោលការណ៍ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅធ្វើយ៉ាងណាបន្តថែរក្សាបានគង់វង្សសុខសន្តិភាព និងស្ថិរភាពជាតិ ធានាដល់ប្រក្រតីភាពសម្រាប់សង្គមជាតិ និងជំរុញដំណើរការអភិវឌ្ឍរីកចម្រើនដល់ជីវភាព រស់នៅរបស់ប្រជាជន។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ក៏បានយកឱកាសនេះ អំពាវនាវដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត កងកម្លាំង ប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបន្តចូលរួមអនុវត្តឱ្យបានសកម្ម ផុលផុសនូវបទបញ្ជា វិធានការ ផែនការ និងយុទ្ធនាការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តជំរុញ ផ្សព្វផ្សាយ និងចលនាកៀរគរការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» សំដៅរួមគ្នាថែរក្សាបរិយាកាសទូទៅក្នុងសង្គមបានល្អប្រសើរ ព្រមទាំង រួមចំណែកបម្រើដល់ការប្រារព្ធព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗនានានៅកម្ពុជា ឱ្យប្រព្រឹត្តទៅដោយ រលូន និងទទួលបានលទ្ធផលផ្លែផ្កាតាមការគ្រោងទុក៕