ភ្នំពេញ៖ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ដូមីនីក វីល្លៀម (Dominic Williams) កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា” និងចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន លោកជំទាវប្រធានបណ្តាញសហគ្រិនស្ត្រីកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
មានប្រសាសន៍ក្នុងពិធីបើកលោកជំទាវរដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) នូវកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំឡើងនូវព្រឹត្តិការណ៍ពិព័រណ៍នេះ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការនាំចេញផលិតផល វាយនភណ្ឌ សំលៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស មិនត្រឹមតែតាមរយៈការតាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេស លើផលិតផលផងដែរ។
លោកជំទាវរដ្ឋមន្ត្រីបានរំលឹកថា កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវបានថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដោយកាលពីសប្ដាហ៍មុនក្រសួងពាណិជ្ជកម្ម និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស ជាលើកទី២ នៅរាជធានីភ្នំពេញ ក្នុងគោលបំណង និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន និងអាចកើតមាននាពេលអនាគត ជាមួយចក្ខុវិស័យច្បាស់លាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងប្រកបដោយចរីភាពចំពោះវិស័យឯកជន។
ទាក់ទងនឹងព្រឹត្តិការណ៍នេះដែរលើផេកផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានបញ្ជាក់ថា ចាំកម្ពុជាឯកអគ្គរាជទូតអង់គ្លេស Dominic Williams បានស្វាគមន៍ធុរកិច្ចអង់គ្លេសចំនួន ១០ ក្រុមហ៊ុន មកកាន់ប្រទេសកម្ពុជា ខណៈដែលពួកគេចូលរួមក្នុងបេសកកម្មពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស-អាស៊ាន ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលចក្រភពអង់គ្លេស និងរៀបចំដោយ SheTrades Initiative របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។
ឯកអគ្គរាជទូតអង់គ្លេសបានបញ្ជាក់ថា ” យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ឱកាសឱ្យធុរកិច្ចចក្រភពអង់គ្លេសយល់កាន់តែច្បាស់អំពីទីផ្សារកម្ពុជា និងជួយសម្រួលដល់ទំនាក់ទំនងផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់ដ៏មានសក្តានុពល ក្នុងករណីនេះអាជីវកម្មដែលដឹកនាំដោយស្ត្រីនៅក្នុងវិស័យវាយនភណ្ឌ និងសំលៀកបំពាក់ សិប្បកម្ម និងស្បែកជើង”។
លោកទូតបន្ថែមថា “កម្មវិធី SheTrades របស់រដ្ឋាភិបាលចក្រភពអង់គ្លេសគាំទ្រសហគ្រិនស្ត្រីឱ្យចូលរួមក្នុងពាណិជ្ជកម្មអន្តរជាតិ រួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។ យើងមានមោទកភាពក្នុងការគាំទ្រអាជីវកម្មដែលដឹកនាំដោយស្ត្រីនៅក្នុងប្រទេសកម្ពុជា និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ យើងរួមគ្នាបង្កើតឱកាសរីកចម្រើននៅក្នុងប្រទេសទាំងពីរ និងសម្រាប់ស្ត្រីកម្ពុជា ដើម្បីបំពេញសក្តានុពលរបស់ពួកគេ៕