តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ១៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៧ ខែវិច្ឆិកា នេះ

0

ភ្នំពេញ៖ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២៤ឈ្មោះមែនយី(Man-yi) ដែលស្ថិតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះសង្ឃរា និងនៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២១°C និងសីតុណ្ហភាពអតិបរមា៣១°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣២°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២១°C និងសីតុណ្ហភាពអតិបរមា៣២°C។

ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕