ភ្នំពេញ៖ អង្គការ WWF កម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ថា គេបានប្រទះឃើញ សត្វត្មាតភ្លើង នៅអាហារដ្ឋានត្មាត របស់អង្គការ WWF ក្នុងដែនជម្រកសត្វព្រៃសំបូរ នៃខេត្តក្រចេះ ។សត្វត្មាតភ្លើងចំនួន ៣ ក្បាល រួមទាំងញី ២ ក្បាល បានចុះទៅស៊ីចំណីនៅអាហារដ្ឋានត្មាតដែលរៀបចំដោយអង្គការ WWF-កម្ពុជា ក្នុងដែនជម្រកសត្វព្រៃសំបូរកាលពីចុងខែតុលា។ សត្វត្មាតជាសត្វកម្រនិងជិតផុត។នៅកម្ពុជាសត្វត្មាតមានប្រមាណជាង១០០ក្បាលប៉ុណ្ណោះ។
ជាមួយរូបថតបីសន្លឹកលើបណ្ដាញសង្គមផ្លូវការ អង្គការនេះបានអះអាងថា ត្មាតភ្លើង គឺជាសត្វត្មាតមួយប្រភេទក្នុងចំណោមសត្វត្មាតជិតផុតពូជចំនួនបីដែលកំពុងតែមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញចំនួនរបស់ពួកគេបានធ្លាក់ចុះនៅទូទាំងអាស៊ីអាគ្នេយ៍ ខណៈដែលពួកគេប្រឈមមុខនឹងការពុល និងការបរបាញ់។
នៅក្នុងរបាយការណ៍ជំរឿនសត្វត្មាតឆ្នាំ២០២២ ត្មាតរស់នៅក្នុងប្រទេសកម្ពុជាសរុបចំនួន ១៣៤ ក្បាល ក្នុងនោះមានត្មាតភ្លើង ១៩ក្បាល ត្មាតត្នោត៤២ក្បាល និងត្មាតផេះចំនួន៧៣ ក្បាល។ ដោយឡែកយោងតាមលទ្ធផលជំរឿនសត្វត្មាតកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សត្វត្មាតចំនួន១៣១ ក្បាលត្រូវបានកត់ត្រានៅក្នុងតំបន់អភិរក្សចំនួនបីនៅក្នុងប្រទេសកម្ពុជា។ ចំនួននេះប្រហាក់ប្រហែលនឹងលទ្ធផលជំរឿនក្នុងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២២ កន្លងទៅ។
ដែនជម្រកសត្វព្រៃសំបូរមានផ្ទៃដីទំហំ ៨២ ៥០៦ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តក្រចេះ ។
តើអ្វីទៅ”អាហារដ្ឋានត្មាត?”។អាហារដ្ឋានត្មាត គឺ គេបានដាក់សត្វដែលងាប់ធ្វើជាចំណីដល់សត្វត្មាតជាអាហារដែលមានសុវត្ថិភាព។អាហារដ្ឋានត្មាត គឺ៖១.ជួយផ្តល់ចំណីឱ្យសត្វត្មាត,២.ផ្តល់ឱកាសឱ្យក្រុមស្រាវជ្រាវធ្វើការអង្កេត និងរាប់ចំនួនសត្វត្មាត,៣.បង្កើតឱកាសសម្រាប់ទេសចរធម្មជាតិនិងទី៤. ជួយសហគមន៍ស្វែងរកចំណូលបន្ថែមពីការផ្តល់សេវាកម្មទេសចរណ៍។
តើនៅប្រទេសកម្ពុជាមានសត្វត្មាតប៉ុន្មានប្រភេទ?
កម្ពុជាមានសត្វត្មាតបីប្រភេទ។ ត្មាតធំជាងគេគឺ ត្មាតត្នោត បន្ទាប់មកគឺត្មាតភ្លើងនិងត្មាតផេះ ។ សត្វត្មាតជាប្រភេទសត្វស្លាបកម្រ និងជិតផុតពូជបំផុត ក្នុងប្រទេសកម្ពុជា។ សត្វត្មាតទាំងបីប្រភេទនេះ បានចាត់ចំណាត់ថ្នាក់ ដោយអង្គការIUCN ថាជាប្រភេទជិតផុតពូជបំផុត អាស្រ័យដោយការបាត់បង់ទីជម្រក កង្វះចំណី និងការបំពុលជាដើម ។ត្មាតទាំងបីប្រភេទនេះ គឺមានរូបរាងផ្សេងៗគ្នា និងទីជម្រកមិនដូចគ្នាឡើយ។
១.ត្មាតត្នោត (slender-billed vulture) ជាសត្វស្លាបដ៏ធំដែលមានប្រវែងស្លាបប្រមាណជា ២,៦ម៉ែត្រ។ ដងខ្លួនរបស់វាមានពណ៌ខ្សាច់ រីឯក្បាលនិងកវែងមានពណ៌ខ្មៅ និងចុងខ្នងពណ៌ស ហើយពេលហើរស្លាបមានពណ៌ខ្មៅ។ គេច្រើនប្រទះឃើញត្មាតត្នោតនៅតំបន់ ព្រៃល្បោះភាគឧត្តរនៃប្រទេសកម្ពុជា ជាពិសេសមាននៅក្នុងខេត្ត ស្ទឹងត្រែងនិងព្រះវិហារ។ ពួកវាពងកូនភាគច្រើននៅក្នុងស្រុកសៀមប៉ាងប៉ុន្តែបន្តប្រមូលផ្តុំជាហ្វូង ដែលមានចំនួនពី៣០ទៅ៤០ក្បាល ដើម្បីស៊ីចំណី។ រដូវបន្តពូជរបស់ត្មាតត្នោត គឺនៅក្នុងរដូវប្រាំង។
២.ត្មាតភ្លើង (red-headed vulture) គឺត្មាតដែលមានធំបន្ទាប់ទីពីររបស់កម្ពុជា។វាមានទំហំពី ៨១ ទៅ ៨៥ សង់ទីម៉ែត្រ។ វាមានដងខ្លួនពណ៌ខ្មៅជាមួយនិងឆ្នូតសតាមបណ្ដោយកណ្ដាលស្លាបផ្នែកខាងក្រោម ឯក្បាលមានពណ៌ក្រហម។ឈ្មោលមានភ្នែកពណ៌លឿង។ សព្វថ្ងៃនេះវាគឺជាសត្វត្មាតកម្ពុជា ដែលមានដង់ស៊ីតេទាបបំផុត និងមានវត្តមាននៅខេត្តចំនួនប្រាំគឺ ខេត្តព្រះវិហារស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី។ គេឃើញមានវត្តមានរបស់សត្វត្មាតទាំងនោះ បន្តពូជនៅរដូវប្រាំងមានលទ្ធភាពពងបានមួយក្នុងមួយរដូវកាលកាច់សំបុក។
ចំណែកសត្វត្មាតដែលមានទំហំតូចជាងគេរបស់កម្ពុជា គឺទី៣.សត្វត្មាតផេះដែលមានមាឌ និងមានស្លាបប្រវែងជាង២ម៉ែត្រ។ ពេលពេញវ័យមានរោមពណ៌សនៅក្រោមស្លាប មានក្បាលនឹងកពណ៌ប្រផេះ ដងខ្លួនពណ៌ប្រផេះងងឹត ជាមួយនឹងបំណះពណ៌សយ៉ាងច្បាស់ នៅផ្នែកខាងក្រោមខ្នង។ ត្មាតផេះរស់នៅក្នុងព្រៃល្បោះ មានទីទាំងនៅក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ។ប៉ុន្តែនៅមានវត្តមានផងដែរនៅក្នុងខេត្តក្រចេះ រតនគីរី និងខេត្តមណ្ឌលគិរី។
វាប្រមូលផ្តុំគ្នាជាហ្វូងនៅពេលកំពុងស៊ីចំណីអាហារ ប៉ុន្តែវាត្រូវបានថយចេញយ៉ាងរហ័សនៅពេលមានវត្តមានត្មាតភ្លើង និងត្មាតត្នោតដែលកាច (វាមិនរំខានទេ ពួកវាគ្រាន់តែដកថយបន្តិច ហើយក៏ត្រឡប់ទៅរកសាកសពវិញ)។ ពួកវាមានវត្តមានពេញមួយឆ្នាំ ហើយរដូវបង្កាត់ពូជ ស្របគ្នាជាមួយនិងប្រភេទផ្សេងទៀតដែរ ចាប់ពីខែតុលា ដល់ខែឧសភា ដោយពងបានតែមួយ ក្នុងមួយរដូវកាល។
គុណតម្លៃរបស់សត្វត្មាត គឺជាប្រភេទសត្វមួយយ៉ាងសំខាន់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យមានលំនឹង។ ត្មាតមានតួនាទីក្នុងការលាងសំអាតកាកសំណល់ដើម្បីឱ្យបរិស្ថានស្អាតនឹងការពារកុំឱ្យមានជំងឺឆ្លងផ្សេងៗ។ ក្នុងក្រពះត្មាតមានផ្ទុកសារជាតិអាស៊ីតខ្លាំងដែលមានសមត្ថភាពអាចសម្លាប់មេរោគនិងបាក់តេរីផ្សេងៗទៀតបាន។ លើសពីនេះទៀត ត្មាត ដើរតួនាទី ជាអ្នកសំអាតបរិស្ថានបានយ៉ាងល្អ ដោយមិនបង្កជាការសាយភាយមេរោគដែលនៅក្នុងខ្លួនសាកសពនោះទៅកាន់មជ្ឈដ្ឋានជុំវិញ។ តួយ៉ាងដូចជាសត្វដែលស្លាប់ក្លាយជាសាកសពមួយដែលមានបាក់តេរីនៅខាងក្នុងខ្លួនរបស់វា ប្រសិនបើគ្មានវត្តមានសត្វត្មាតយកជាចំណីទេ រយៈពេល ១០ ទៅ ២០ ថ្ងៃក្រោយ បាក់តេរី ឬមេរោគដែលនៅក្នុងខ្លួនសាកសពសត្វនោះ នឹងត្រូវសាយភាយទៅដល់មនុស្ស ឬក្នុងធម្មជាតិជាក់ជាមិនខាន។ ដូចនេះ ត្មាត ពិតជាបានផ្តល់នូវគុណប្រយោជន៍ខ្លាំងដែលសត្វផ្សេងទៀតមិនមានដូចវា។ ដោយសារតែមើលឃើញពីគុណសម្បត្តិរបស់សត្វត្មាតបែបនេះ ទើបក្រុមអ្នកអភិរក្សសត្វព្រៃដែលមកពីគ្រប់អង្គការនានាលើពិភពលោក សហការគ្នាបង្កើតជាគម្រោងការពារសត្វត្មាតនេះឡើងនៅក្នុងឆ្នាំ២០០៤ ហើយមកដល់ពេលនេះឃើញថា ចំនួននៃសត្វត្មាតអស់ទាំងនេះកំពុងត្រូវបានឃ្លំាមើលយ៉ាងដិតដល់ និងយកចិត្តទុកដាក់ខ្លាំង៕