សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឯកឧត្តម សាយ សំអាល់ មានគម្រោងធ្វើការសិក្សាក្នុងការស្ថាបនាផ្លូវរត់ និងផ្លូវជិះកង់តភ្ជាប់ពីខេត្តកែបរហូតដល់ខេត្តកោះកុង

0

កែប៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានគម្រោងធ្វើការសិក្សាក្នុងការស្ថាបនាផ្លូវរត់ និងផ្លូវជិះកង់តភ្ជាប់ពីខេត្តកែបរហូតដល់ខេត្តកោះកុង ដោយស្ថាបនានៅជាប់នឹងមាត់សមុទ្រតែម្តង ខណៈដែលកម្ពុជាមានខេត្តជាប់មាត់សុទ្រចំនួន៤ តែប៉ុណ្ណោះ រួមមាន ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។

ការបញ្ជាក់របស់សម្តេចមហាបវរធិបតីដូចនេះធ្វើឡើងនាឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិថីតេជោសន្តិភាពឆ្នេរអង្កោលខេត្តកែប ប្រវែងជាង ១២គីឡូម៉ែត្រ ដែលបានចំណាយក្នុងការស្ថាបនាអស់ថវិកាជាង ១០លានដុល្លារអាម៉េរិកជាប្រាក់កម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាទាំង៤នេះ គឺសុទ្ធតែមានសក្តា នុពលរៀងៗខ្លួនរបស់វា ដែលយើងអាចពិនិត្យមើលពីគម្រោងនៃការស្ថាបនាផ្លូវជិះកង់ ព្រោះថាអ្នកខ្លះ អាចជិះកង់ពីភ្នំពេញមកកាន់ខេត្តកែបដើម្បីជាការកម្សាន្តផង ដើម្បីសុខភាពផង និងអាចបន្តដំណើរទៅ កាន់ខេត្តផ្សេងៗទៀត ខណៈដែលវិថីតេជោសន្តិភាពឆ្នេរអង្កោលខេត្តកែប ប្រវែងជាង ១២គីឡូម៉ែត្រ នេះគឺជាបណ្តាញនៃតភ្ជាប់ទៅកាន់សហគមន៍ដ៏មានសារៈសំខាន់។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការជំរុញបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលជាគោលដៅដ៏សំខាន់របស់រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិគឺ មនុស្ស ផ្លូវ ទឹក ភ្លើង ហើយក្នុងនោះផ្លូវគឺជាការងារដ៏សំខាន់ដែលយើងត្រូវតែធ្វើ ព្រោះវាជាមូលដ្ឋានមួយនៅក្នុងការធានាចំពោះការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋរបស់យើង តាមរយៈការដឹកជញ្ជូន ការប្រើប្រាស់ និងការបង្កើតសេដ្ឋកិច្ចបន្ថែមទៀតនៅក្នុងមូលដ្ឋាន។ សម្តេចធិបតីបានលើកឡើងថា ក្នុងរយៈពេលជិត ១៥ខែនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺយើងសម្រេចបាននូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់ការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕