ភ្នំពេញ៖ ជាយូរឆ្នាំមកហើយដែលគោលនយោបាយវិមជ្ឈការត្រូវបានយកមកអនុវត្តនៅប្រទេសកម្ពុជា ដែលក្នុងនោះកញ្ចប់ថវិកាកសាងផ្លូវលំនៅតាមមូលដ្ឋានឃុំសង្កាត់ក៏ធ្លាក់មកជាមួយ។
តាំងពីពេលនោះមក ប្រជាពលរដ្ឋខ្មែរនៅតាមមូលដ្ឋានឃុំសង្កាត់ក៏បានចូលរួមធ្វើបដិភាគជាថវិកាជាមួយរដ្ឋាភិបាល ដើម្បីប្រមូលផ្តុំកម្លាំងថវិកាយកទៅអភិវឌ្ឍន៍ផ្លូវលំក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួន។
ចំណែកបដិភាគនេះ បានធ្វើអោយប្រជាពលរដ្ឋមានឈ្មោះជាម្ចាស់ទ្រព្យ មានសិទ្ធិអាស្រ័យផល ហើយក៏មានកាតព្វកិច្ចមើលការពារថែទាំផ្លូវនេះអោយប្រើប្រាស់បានយូរអង្វែង។
យ៉ាងណាមិញកាលពីបំណាច់ខែតុលាថ្មីៗនេះ ប្រជាពលរដ្ឋខ្មែរបានចូលរួមបរិបរិច្ចាគប្រាក់សរុបជិត២៧លានដុល្លារក្នុងមូលនិធិកសាងផ្លូវនៅតាមព្រំដែនដែលបានធ្វើអោយប្រជាពលរដ្ឋមានឈ្មោះជាម្ចាស់ទ្រព្យ ជាម្ចាស់ប្រទេស និងជាម្ចាស់បូរណភាពទឹកដី ដែលមានកាតព្វកិច្ចជួយកសាងហើយមើលថែរក្សាការពារខ្សែក្រវ៉ាត់ព្រំដែនខ្លួននេះដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានវិស្វកម្ម បានអោយដឹងថាវិភាគទានស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋនេះនឹងត្រូវយកទៅប្រើប្រាស់ ដើម្បីកសាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនដែលត្រូវតភ្ជាប់ ទៅផ្លូវខ្សែក្រវាត់ទី១ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណង់សិល្បការ្យនៅលើទឹកដី២ខេត្ត គឺខេត្តមណ្ឌលគិរី និងរតនគិរី។
ជារួមថវិកាបានមកពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ឋព្រំដែនផ្តោតលើផ្លូវខ្សែក្រវាត់ព្រំដែននេះ នឹងយកទៅកសាងផ្លូវខ្សែក្រវាត់ព្រំដែនប្រវែង ២៥០ គ.ម ដោយធ្វើឡើងក្នុងខេត្តចំនួន ២ គឺ៖
១. ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ ១៤៧,៥២ គ.ម
២. ខេត្តរតនគិរី ប្រវែងប្រមាណ ១០២,៤៩ គ.ម។
សូមរំលឹកថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានទម្លាក់ថវិកាជាតិប្រមាណ២០០ លានដុល្លារដើម្បីស្ថាបនាបណ្ដាញផ្លូវគមនាគមន៍តាមតំបន់ព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាមនៅលើទីតាំងដីដែលបានឯកភាពរួចហើយសម្រាប់រយៈពេល ១០ ឆ្នាំ គឺពី២០២៤ ដល់ឆ្នាំ២០៣៤។
សូមបញ្ជាក់ថា ការចូលរួមបរិបរិច្ចាគថវិកាពីប្រជាពលរដ្ឋនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ឋព្រំដែនផ្តោតលើ ផ្លូវខ្សែក្រវាត់ព្រំដែន ហើយការបង្កើតមូលនិធិនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងបានលើកឡើងថា ទឹកដីខ្មែរបានបាត់បង់ទៅប្រទេសជិតខាងនោះ។
ដូចនេះ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋ ការចូលបដិភាគរបស់ប្រជាពលរដ្ឋដើម្បីកសាងផ្លូវខ្សែក្រវ៉ាត់នៅតាមព្រំដែននេះ គឺពិតជាមានតម្លៃក្នុងស្មារតីស្នេហាជាតិមាតុភូមិ និងឆន្ទះចង់កាពារទឹកដីយ៉ាងពិតប្រាកដ៕