វៀតណាម៖ នាថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឧត្តមមន្រ្តីអាស៊ាន និងជាឥស្សរជនជាន់ខ្ពស់ (Eminent Person) នៃក្រុមការងារកម្រិតខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ របស់កម្ពុជា (High-Level Task Force on ASEAN Community’s Post-2025 Vision – HLTF-ACV) បានដឹកនាំ គណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី១៧ នៃ HLTF-ACV និងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់លើការពិនិត្យឡើងវិញនូវផែនការគោលរបស់សហគមន៍អាស៊ានឆ្នាំ ២០២៥ និងទិសដៅសម្រាប់ឆ្នាំ ២០៤៥ នៅទីក្រុងហួយអាន ប្រទេសវៀតណាម ។
ក្នុងកិច្ចប្រជុំនោះ ក្រុមការងារបានបន្តធ្វើឱ្យមាន ការវិវឌ្ឍ យ៉ាងសំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ នៅក្នុងឱកាសនោះដែរ ក្រុមការងារ HLTF-ACV ក៏បាន ជួបពិភាក្សា ជាមួយនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងប្រធាន នៃមជ្ឈមណ្ឌល សិក្សាយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍ទំនាក់ទំនងអន្តរជាតិ (Center for Strategic Studies and International Relations Development) ដើម្បីផ្លាស់ប្តូរការយល់ដឹងអំពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្រ APSC ។
បន្ទាប់ពីកិច្ចប្រជុំ HLTF-ACV ក្រុមការងារក៏បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់លើការពិនិត្យឡើងវិញនូវផែនការគោលរបស់សហគមន៍អាស៊ានឆ្នាំ ២០២៥ និងទិសដៅសម្រាប់ឆ្នាំ ២០៤៥ ដើម្បីទាញយក បទពិសោធន៍ល្អៗដែលបានអនុវត្តនៅក្នុងផែនការគោលអាស៊ានឆ្នាំ២០២៥ សំដៅអភិវឌ្ឍន៍ចក្ខុវិស័យ សហគមន៍អាស៊ានសម្រាប់រយៈពីរទសវត្សរ៍ខាងមុខ អោយបានគ្រប់ជ្រុងជ្រោយ និងមានភាពធន់។