កណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបំភ្លឺជូនសាធារណជនទៅនឹងសារព័ត៌មាន សានព្រហ្ម ដែលបានផ្សព្វផ្សាយវីដេអូ ធ្វើបទសម្ភាសន៍ពាក់ព័ន្ធករណីអំពើលួច(កង់) និងទទួលផលចោរកម្ម នៅឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយភ្ជាប់នូវខ្លឹមសារថា ទិញកង់១ម៉ឺនរៀល ជាប់គុក។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កម្លាំងជំនាញខេត្ត និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ស្រាវជ្រាវករណីដែលបានចុះផ្សាយខាងលើ ជាលទ្ធផល៖
– ករណីៈ អំពើលួច(កង់) និងទទួលផលចោរកម្ម
- កើតហេតុ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៤:០០នាទី
– ចំណុច៖ ភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនសង្ស័យ ០២នាក់៖
១. ឈ្មោះ ធី ជូលី ភេទប្រុស អាយុ ១ ៦ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន ជាអ្នកលួចកង់)
២. ឈ្មោះ ម៉ៅ ថារដ្ឋ ភេទប្រុស អាយុ ២ ៦ ឆ្នាំ ស្នាក់នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ទិញលក់អេតចាយ (អ្នកទទួលផលចោរកម្ម)
វត្ថុតាងចាប់យករួមមានម៉ូតូស្មាស់ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល-1H-4110 សណ្តោងរ៉ីម៉កពណ៌ខៀវ
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៣:២០នាទី ទៀបភ្លឺ ជនសង្ស័យឈ្មោះ ធី ជូលី បានដើរចេញពីខ្ទមអ្នកតានៅភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ដើរទៅតាមផ្លូវលំក្នុងភូមិ ពេលដើរដល់ចំណុចកើតហេតុខាងលើជនសង្ស័យ ក៏បានឃើញកង់គេទុកចោលនៅខាងក្រោយផ្ទះ ភ្លាមនោះជនសង្ស័យក៏បានធ្វើសកម្មភាពដើរចូល និងលួចបណ្តើរកង់នោះចេញមកក្រៅ រួចជនសង្ស័យខាងលើក៏បានជិះកង់ដែលលួចបាននោះយកទៅទុកនៅក្បែររោងអ្នកតានៅភូមិព្រែកអង្គុញ ឃុំសៀមរាបវិញ ។
លុះព្រឹកឡើង ថ្ងៃខែឆ្នាំដដែល វេលាម៉ោង១១:០០នាទី ជនសង្ស័យខាងលើបានជិះកង់ដែលលួចបាននោះយកទៅលក់អោយជនសង្ស័យឈ្មោះ ម៉ៅ ថារដ្ឋ ដែលជាអ្នកទិញលក់អេតចាយតាមរ៉ឺម៉កដល់ផ្ទះក្នុងតម្លៃ១០,០០០ម៉ឺនរៀល រួចជនសង្ស័យឈ្មោះ ម៉ៅ ថារដ្ឋ ក៏បានយកកង់ដែលទិញបាននោះ កាប់សាច់ និងយកទៅលក់បន្តបានតម្លៃ១១,៥០០ម៉ឺនរៀល។ ចំពោះជនសង្ស័យទាំងពីរខាងលើសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕