គម្រោងស្ដារគុណភាពផ្លូវជាតិលេខ៣១ ពីបែកគុសទៅស្រុក​កំពង់​ត្រាច ជិតរួចរាល់ ស្របពេលខេត្តកំពតធ្វើជាម្ចាស់ផ្ទះបុណ្យសមុទ្រ

0

កំពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែង​សរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពីផ្លូវបែកគុសចំណុចប្រសព្វ ផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាចចំណុច​តភ្ជាប់​ផ្លូវជាតិលេខ៣៣ ស្ទើរតែរួចរាល់ហើយ ។វឌ្ឍនភាពនេះស្របពេលដែលរដ្ឋបាលខេត្តកំពតកំពុងមមាញឹករៀបចំទីតាំងសម្រាប់ប្រារព្ធបុណ្យលើកទី១១នៅខែធ្នូខាងមុខនេះដែរ។

ប្រភពរបាយការណ៍វឌ្ឍនភាពនៃការស្ដារ និងលើកកម្រិតគុណ​ភាព​ផ្លូវជាតិលេខ៣១ បានឱ្យដឹងថាគម្រោងនេះសម្រេច បាន​៩៨,៦៨ភាគរយហើយ គិតត្រឹមចុងខែតុលា ឆ្នាំ២០២៤នេះ។ចំណែកការងារអ៊ុតកៅស៊ូ ACទាំង២ស្រទាប់បានបញ្ចប់ ១០០​ភាគរយ។ ចំពោះការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍​(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗក៏បានបញ្ចប់ស្ទើររួចរាល់​ហើយដែរ។

គប្បីជម្រាបជូនថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គ្រោងចំណាយថវិកាជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅទិសឆ្ពោះទៅខេត្តតំបន់ឆ្នេរសមុទ្រនេះដែរ រាជរដ្ឋាភិបាលមានគម្រោងសាងសង់កែលម្អផ្លូវ ជាតិ​លេខ៣១, លេខ៣៣ ,លេខ៤១ ក្នុងពេលជាមួយគ្នា ដើម្បីឱ្យ​បណ្តាញផ្លូវជាតិប្រទាក់ក្រឡាគ្នា និងតភ្ជាប់ពីខេត្តកែប ជា​មួយផ្លូ​វជាតិលេខ៣ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលកន្លងទៅថ្មីៗ ។

លទ្ធផលនៃគម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១និងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាខាងលើស្របពេល ដែល​រដ្ឋបាលខេត្តកំពតត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ”អបអរសាទរ បេតិកភណ្ឌនិងចីរភាព នៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្ត ទៅចាប់​ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅ​បរិវេណ​ឆ្នេរ ចន្លោះស្ពានឥន្ធធនូ និងស្ពានថ្ម។ ពិធីបើកជាផ្លូវការ​នឹងប្រព្រឹត្តិទៅនាថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕