រាជរដ្ឋាភិបាលនឹងធ្វើការបន្ស៊ីគ្នានូវទស្សនាទាន ការប្រតិបត្តិ និងការគាំទ្រសាលារៀន ដោយប្រើប្រាស់យន្តការរួមចាប់ពីឆ្នាំសិក្សា២០២៤-២០២៥ តទៅ

0

ភ្នំពេញ៖ ផ្អែកតាមមេរៀនពិសោធន៍ និងឧត្តមានុវត្តន៍នៃការអនុវត្តសាកល្បងនៅក្នុងសាលាបឋមសិក្សាក្នុងគោលដៅទាំង៤២ និងសាលារៀនជាប់ស្តង់ដាសាលារៀនគំរូទាំង១២០ រាជរដ្ឋាភិបាលនឹងធ្វើការបន្ស៊ីគ្នានូវទស្សនាទាន ការប្រតិបត្តិ និងការគាំទ្រសាលារៀន ដោយប្រើប្រាស់យន្តការរួមចាប់ពីឆ្នាំសិក្សា២០២៤-២០២៥ តទៅ។

យោងតាមសារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤-២០២៥ ចុះថ្ងៃទី២៤ ខែតុលាថ្មីៗនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ ដែលមាន ប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជននិងសហគមន៍។ ដូច្នេះហើយ សាលារៀនត្រូវអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើសកម្មភាពបង្រៀននិងរៀន ដែល នឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្ស ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។

ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២៤-២០២៥ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវចំណុចមួយចំនួន១០ ដូចខាងក្រោម៖

ទី១. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ ជាពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ ឆ្ពោះទៅពង្រឹងនិងពង្រីក ការអនុវត្តស្តង់ដាសាលារៀនគំរូ ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ដោយធានាថា សាលារៀនជាកន្លែងផ្តល់ការអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព សុខសុវត្ថិភាព និងលទ្ធផលសិក្សារបស់សិស្សបានល្អប្រសើរ។

ទី២. គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ជាពិសេសត្រូវរិះរកវិធី ដើម្បីអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ក្នុងគោលដៅបន្ថែម២ម៉ោងសិក្សាយ៉ាងតិច ក្នុងមួយថ្ងៃ ដោយផ្តោតលើការបន្ថែមម៉ោងសម្រាប់មុខវិជ្ជាសិក្សាគោល និងការពង្រឹងវិន័យ សីលធម៌ និងឥរិយាបថ។

ទី៣. គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃតង ឱ្យសក្ដិសមជាទីកន្លែងផ្តល់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយ។ ជាមួយគ្នានេះ ត្រូវចូលរួមលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់កុមារ ដើម្បីកាត់បន្ថយជំងឺនិងផលប៉ះពាល់លើសុខភាព និងឈានទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។

ទី៤. លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព របស់ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹង និងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេសផងដែរ។

ទី៥. មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬបង្ក លក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ ជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ដើម្បីហ្វឹកហាត់ទាំងនៅសាលារៀន និងនៅផ្ទះ ចូលរួមគាំទ្រដល់ការអភិវឌ្ឍសាលារៀន និងគាំទ្រដល់គ្រូបង្រៀនតាមគ្រប់លទ្ធភាព។

ទី៦. ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ ជាមួយគ្នានេះដែរ សូមក្មួយៗចងចាំជានិច្ចថា បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បាន អនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។

ទី៧. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួម និងគាំទ្រឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។

ទី៨. ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងសប្បុរសជននានា សូមបន្តចូលរួម ឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការជួយគាំទ្រដល់សកម្មភាពអប់រំនៅគ្រប់ទីកន្លែង និងតាមគ្រប់លទ្ធភាព។

ទី៩. គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេស ការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្របដណ្ដប់ទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។

និងទី១០. សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបនាំកូនចៅទៅចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី២០២៤-២០២៥ នេះទាំងអស់គ្នា៕