ភ្នំពេញ៖ «សកម្មភាពហាត់ប្រាណ និងលេងកីឡារបស់ប្រជាពលរដ្ឋកាន់តែសកម្ម និងនៅគ្រប់ទីកន្លែង ដែលរូបខ្ញុំបានអំពាវនាវម្ដងហើយម្ដងទៀតឱ្យគ្រប់ទីប្រជុំជន គ្រប់ទីកន្លែងទាំងអស់ ទាំងនៅទីក្រុង ទាំងនៅរាជធានី តាមបណ្ដាខេត្ត ក៏ដូចជាទីប្រជុំជន ត្រូវរៀបចំឱ្យមានទីកន្លែងសម្រាប់ហាត់ប្រាណ របស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយនូវការឈឺថ្កាត់ និងពង្រឹងកាយសម្បទារបស់ខ្លួន»។ នេះជាការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ “ កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ ” នាព្រលប់ថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៤។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្ដេចចង់ឃើញកីឡាមិនគ្រាន់តែជាការហ្វឹកហាត់ សម្រាប់តែការប្រកួតនោះទេ ប៉ុន្តែកីឡាក៏អាចផ្ដើមចេញពីការហាត់ប្រាណ ដើម្បីពង្រឹងកាយសម្បទា និងទប់ស្កាត់នូវការឈឺថ្កាត់ ជាពិសេស គឺជំងឺទាក់ទងទៅនឹងបេះដូង និងការដាច់សរសៃឈាមខួរក្បាល ឬក៏ប្រភេទជំងឺផ្សេងៗទៀតផង។
កាលពីពេលថ្មីៗនេះ ការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” (គ.ច.យ.ខ.ព) ក៏បានរៀបចំឡើង ក្នុងគោលបំណងបន្តគាស់រំលេចនូវក្បាច់គុនខ្មែរបុរាណគ្រប់ទម្រង់ និងគ្រប់ទីកន្លែង សម្រាប់ផ្ដល់នូវក្ដីសង្ឃឹមថ្មីមួយទៀត ដល់កូនខ្មែរគ្រប់ជំនាន់ និងបានស្គាល់កាន់តែច្បាស់ពីប្រវត្តិសាស្រ្តនៃក្បាច់គុនបុព្វបុរសរបស់ខ្លួន។
ជាមួយគ្នានេះ រដ្ឋាភិបាលបានបង្កើតគណៈកម្មការ ស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដើម្បីគាស់រំលេចដួងព្រលឹងក្បាច់គុនបុរាណខ្មែរឱ្យងើបឡើងវិញ និងចងក្រងទុកជាឯកសារសម្រាប់មនុស្សជំនាន់ក្រោយបានស្វែងយល់។ ការសិក្សាស្រាវជ្រាវទាក់ទងនឹងគម្ពីរអាថ៌កំបាំងយុទ្ធគុនខ្មែរមិនត្រឹមតែមានការចុះស្វែងយល់សិក្សា គាស់រំលេចឡើងវិញនៅតាមតំបន់ភូមិស្រុកក្នុងប្រទេសកម្ពុជាតែមួយមុខនោះទេ ប៉ុន្តែការស្រាវជ្រាវក៏នឹងធ្វើឡើងនៅតាមតំបន់ក្រៅប្រទេសកម្ពុជា ដែលជាអតីតទឹកដីខ្មែរ ហើយថែមជាប់ទាក់ទងទៅនឹងប្រវត្តិអតីតអាណាចក្រខ្មែរ៕