វត្តមានប្រភេទសត្វសំខាន់ៗ ត្រូវបានកត់ត្រាបានចំនួន ១០៨ ប្រភេទ នៅតំបន់ជួរភ្នំក្រវាញកណ្តាល

0

ភ្នំពេញ៖ របាយការណ៍សិក្សាប្រភេទសត្វនៅតំបន់ជួរភ្នំក្រវាញកណ្តាលដែលចេញផ្សាយបាន បង្ហាញពីប្រភេទសត្វសំខាន់ៗដែលត្រូវបានកត់ត្រាបានចំនួន ១០៨ ប្រភេទ ក្នុងនោះប្រភេទសត្វស្លាបមាន ៦៥ ប្រភេទ ថនិកសត្វមាន ៣៨ ប្រភេទ និងសត្វល្មូនមាន ៥ ប្រភេទ។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាននាថ្ងៃទី៣០ ខែតុលានេះ។

ប្រភពដដែល បានបន្តថា ក្នុងកំណត់ត្រារូបភាពនោះអ្នកស្រាវជ្រាវកត់ត្រាបានផងនូវហ្វូងសត្វឆ្កែព្រៃ ដែលជាប្រភេទសត្វស៊ីសាច់ជាអាហារ(មំសាសី) ចុងក្រោយបង្អស់មួយនៅកម្ពុជា សត្វប្រភេទចំណីមានដូចជាសត្វជ្រូកព្រៃ និង សត្វឈ្លូសជាដើម។ ការសិក្សានេះក៏បានរកឃើញផងនូវប្រភេទសត្វកម្រៗដទៃទៀតរួមមានដំរីអាស៊ី ខ្លាពពក ខ្លាភ្ញីថ្មកែវ ខ្លាលឿងមាស ខ្លាឃ្មុំតូច និងខ្លាឃ្មុំធំ។

ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍សង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើការងារអភិរក្ស និងកិច្ចគាំពារបរិស្ថានធម្មជាតិថា៖ «លទ្ធផលនៃរបាយការណ៍នេះសបញ្ជាក់ជាថ្មីថាព្រៃឈើកម្ពុជាមិនត្រឹមតែជាតំបន់ទេសភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាដែនជម្រកដ៏សំខាន់សម្រាប់ប្រភេទជីវៈចម្រុះនៃភពផែនដីរបស់យើងផងដែរ។ របាយការណ៍នេះឆ្លុះបញ្ចាំងផងពីសមិទ្ធផលជាវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត ពិសេសក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើការការពារជីវៈចម្រុះ និងការស្តារទីជម្រកឡើងវិញ»។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានបន្តទៀតថា៖ ការសិក្សានេះក៏បង្ហាញពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយទៀត ដែលមានឧត្តមប្រយោជន៍ និងរួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា និងការប្តេជ្ញាចិត្តរបស់យើងក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។ ការការពារជីវៈចម្រុះ មិនត្រឹមតែជាកាតព្វកិច្ចរួមរបស់យើងប៉ុណ្ណោះទេ វាគឺជាសក្ខីភាពនៃការរួមគ្នាជាធ្លុងមួយដើម្បីវឌ្ឍនភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាបាននូវបរិស្ថានធម្មជាតិ៕