មណ្ឌលគិរី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឱ្យសមត្ថកិច្ច និងអាជ្ញាធរធ្វើការស្រាវជ្រាវរកមេខ្យល់ដែលកៀរគរប្រជាពលរដ្ឋឱ្យចុះឈ្មោះដើម្បីចាប់យកដីដែលខុសពីយន្តការរបស់រាជដ្ឋាភិបាលមកទទួលទោសតាមច្បាប់។ ការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ” នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគិរី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំស្នើឱ្យសមត្ថកិច្ច និងអាជ្ញាធរមើលមេខ្យល់ ដែល ដើរកៀរគប្រជាពលរដ្ឋមកចាប់ដីនេះដើម្បីអនុវត្តន៍តាមច្បាប់ ព្រោះថាគាត់បានដើរបោកប្រជាពលរដ្ឋ។ មេខ្យល់នេះខុសពីខ្យល់ដែលកំពុងធ្លាក់នេះគឺត្រជាក់ ឯមេខ្យល់នោះគឺជាខ្យល់ក្តៅ ដោយដើរបោកប្រជាពលរដ្ឋ ហើយមានរឿងទៀត និងដោយសារនៅពេលប្រជាពលរដ្ឋទៅកាប់ដី ឬព្រៃនៅកន្លែណាមួយនឹងមានរឿងទៀត»។
«មេខ្យល់ ឥឡូវ.. ខ្ញុំបានប្រកាសរឿងដីសម្បទានសង្គមកិច្ចដែលយើងបន្ត ហើយក្រុមការងារបានកំពុងរៀបចំចែកប្រជាពលរដ្ឋដែលនឹងចាប់ផ្តើមពីឆ្នាំក្រោយ ប៉ុន្តែខ្ញុំមើលហ្វេសប៊ុក ល្ងាចមិញមានមេខ្យល់ទៅបំផុសប្រជាពលរដ្ឋ ដើម្បី(មិនដឹងថាបង់លុយឬយ៉ាងណា) ចុះឈ្មោះយកដីសម្បទាន។ ខ្ញុំសូមបញ្ជាក់គឺអត់មាននោះទេ។ អត់មានមេខ្យល់ណាទៅឱ្យបំផុសដើម្បីទៅយកដី សម្បទាននោះទេ បើចុះឈ្មោះតាមយន្តការរដ្ឋ តាមអាជ្ញាធរឃុំ ហើយយើងមានការប្រកាសផ្សាយច្បាស់លាស់។ អីចឹងសូមឱ្យបងប្អូនកុំជឿលើមេខ្យល់ដែលកំពុងបំផុសដើម្បីយកលុយថាដើម្បីយកដីនេះ គឺអត់មាននោះទេ»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្ដីបានប្រកាសជាលើកចុងក្រោយ ហើយក៏សូមឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋបានដឹង និងធ្វើការទប់ស្កាត់ព្រោះថាគ្រាន់តែសម្តេច ប្រកាសបង្កើតមូលនិធិធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវតាមព្រំដែន ដោយឱ្យប្រជាពលរដ្ឋចូលតាម QR ក៏មានអ្នកទៅលួចបង្កើត ABA ឱ្យប្រជាពលរដ្ឋបង់ថ្លៃ ដូច្នេះ ទាល់តែប្រាប់ បើមិនដូច្នេះប្រជាពលរដ្ឋចាញ់បោកជាមិនខាន ព្រោះថាសម័យឥឡូវមានភាពជឿនលឿន។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមប្រាប់ថាបើខ្យល់នេះល្ហើយមានផាសុកភាព តែមេខ្យល់ចាប់ដីនេះគឺអត់ទេ។ គឺកុំធ្វើ ហើយធ្វើត្រូវតែប្រឈមនឹងការអនុវត្តច្បាប់ ហើយប្រជាប្រជាពលរដ្ឋសូមកុំចាញ់បោកឱ្យសោះ ខ្ញុំប្រកាស។ ជាក់ស្តែងនៅស្រុកពេជ្រា្ជដា មានករណីមេខ្យល់នេះ អីចឹងសូមអាជ្ញាធរខេត្ត និងសមត្ថកិច្ច ធ្វើការឆែកមើលឱ្យច្បាស់ ព្រោះខ្ញុំឃើញមានការផ្សព្វផ្សាយ ដោយមានគេបាញ់ឱ្យមកខ្ញុំ។ ឥឡូវសូមឱ្យច្បាស់ណា ដល់ពេលយើងរៀបចំយន្តការជូនប្រជាពលរដ្ឋអត់មានដី»៕