ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានចាត់ទុកថា កម្មវិធី «ពិព័រណ៍សិក្សានៅអឺរ៉ុប» នៅឯ Factory ក្នុងរាជធានីភ្នំពេញ គឺជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់នៃឱកាសទទួលបានសិក្សាសម្រាប់សិស្ស និង និស្សិតកម្ពុជានៅបណ្តាប្រទេសសហភាពអឺរ៉ុប។
ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជាបានឱ្យដឹងថា “អឺរ៉ុបគឺជាគោលដៅសិក្សាដ៏ពេញនិយមបំផុតនៅលើសកលលោក។ សាកលវិទ្យាល័យរបស់យើងផ្តល់ជូននូវការអប់រំខ្ពស់លំដាប់ពិភពលោក ដែលសាកសមនឹងតម្លៃ។ ទីកន្លែងសិក្សាទាំងនោះរួមមានចាប់ពីតំបន់សម្បូរព្រៃក្នុងប្រទេសហ្វាំងឡង់ ទៅកាន់ប្រទេសអាឡឺម៉ង់ និងបារាំង ដែលជាទីក្រុងដែលសំបូរទៅដោយទិសដៅប្រវត្តិសាស្ត្រ ឬក៏ទៅកាន់ភូមិដ៏ស្រស់ស្អាតក្នុងប្រទេសអ៊ីតាលី និងអេស្ប៉ាញជាដើម។ សម្រាប់សិស្សដែលសិក្សានៅអឺរ៉ុបក៏មានឱកាសស្វែងយល់ពីភាពចម្រុះនៃទ្វីប និងរបៀបរស់នៅបែបអឺរ៉ុបផងដែរ។ អាហារូបករណ៍ក៏មានឱកាសយ៉ាងទូលំទូលាយដើម្បីទទួលបានការសិក្សាចល័តរបស់សិស្សទៅកាន់អឺរ៉ុប និងក្នុងចំណោមរដ្ឋនៅអឺរ៉ុប។ ការមកទស្សនាពិព័រណ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់និស្សិតកម្ពុជា និងអាណាព្យាបាលរបស់ពួកគេ ដើម្បីស្វែងយល់ពីឱកាសផ្សេងៗដែលសាកលវិទ្យាល័យអឺរ៉ុបនឹងផ្តល់ជូន»។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា «យើងមានមោទកភាពយ៉ាងខ្លាំងដែលពិព័រណ៍សិក្សានៅអឺរ៉ុបត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងរាជធានីភ្នំពេញក្នុងឆ្នាំនេះ។ យើងខ្ញុំសូមលើកទឹកចិត្តឱ្យសិស្សនិស្សិតរបស់យើងទៅសិក្សានៅអឺរ៉ុប ដើម្បីបង្កើនជំនាញរបស់ពួកគេ និងរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម។ សញ្ញាបត្រសិក្សាមកពីអឺរ៉ុបត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ការសិក្សានៅអឺរ៉ុបពិតជាជួយលើកកម្ពស់អនាគតការងាររបស់យុវជនកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងនៃបណ្ដាប្រទេសនៅអឺរ៉ុបក៏ជាកន្លែងដែលអាចរស់នៅបានយ៉ាងសមរម្យ ដែលរួមមានផ្លូវជិះកង់ និងខ្យល់អាកាសបរិសុទ្ធផងដែរ»។
គួរបញ្ជាក់ថា ពិព័រណ៍សិក្សានៅអឺរ៉ុបនេះបានរៀបចំឡើងក្នុងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ២៤-២៥ ខែតុលានេះ នឹងផ្តល់ឱកាសដល់សិស្សានុសិស្សស្វែងយល់ពីកម្មវិធីថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា ឱកាសផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សាមកពីទូទាំងទ្វីបអឺរ៉ុប រួមមាន ប្រទេសបែលហ្សិក សាធារណរដ្ឋឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងកម្មវិធី Erasmus+ របស់ គណៈកម្មការអឺរ៉ុប។ មិនតែប៉ុណ្ណោះ តំណាងជាន់ខ្ពស់ដែលអញ្ជើញមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក៏នឹងមានវត្តមាន និងផ្លាស់ប្តូរជាមួយនឹងតំណាងមកពីបណ្ដាសាកលវិទ្យាល័យអឺរ៉ុបផងដែរ។ កម្មវិធីពិព័រណ៍ដែលអាចចូលរួមដោយសេរីតាមរយៈការចុះឈ្មោះជាមុននេះ ត្រូវបានរំពឹងទុកថានឹងមានវត្តមានសាធារណៈជនចូលរួមប្រមាណជាង១៥០០នាក់ ។
សូមបញ្ជាក់ថាក្រៅតែពីស្តង់តាំងបង្ហាញជាង៣០កន្លែង អ្នកចូលរួមទស្សនាកម្មវិធីពិព័រណ៍នេះ ក៏អាចសួរសំណួរដោយផ្ទាល់ទៅកាន់អតីតនិស្សិតដែលធ្លាប់បានសិក្សានៅអឺរ៉ុប និងស្វែងយល់ពីរបៀបដែលការសិក្សានៅអឺរ៉ុបបានផ្លាស់ប្តូរជីវិតរបស់ពួកគេ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបារាំង Decathlon ក៏នឹងចូលរួមតាំងបង្ហាញនិងរៀបចំ សកម្មភាពកីឡាក្នុងកម្មវិធីនេះផងដែរ។ សហភាពអឺរ៉ុបគឺជាស្ថាប័នផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងធំបំផុតគាំទ្រដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួនបានវិនិយោគលើកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់វិស័យអប់រំច្រើនជាងប្រទេសផ្សេងៗទៀតនៅលើសកលលោក៕