មណ្ឌលគីរី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ខេត្តមណ្ឌលគីរីមានធនធានធម្មជាតិ និងមានសក្តានុពលច្រើន ប៉ុន្តែយើងមិនអាចធ្វើអ្វីបាននោះទេប្រសិនបើគ្មានកត្តាអំណោយផល ដែលកត្តាអំណោយផលនេះ សម្តេចនាយករដ្ឋមន្ត្រីបានសំដៅទៅលើការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តែលក្ខខ័ណ្ឌដែលយើងអាចធ្វើទៅបានគឺយើងត្រូវធានានូវសុខសន្តិភាព និងការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវមួយ។
ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ទំនប់អូរតេធិបតី ទំនប់លើ និងទំនប់ក្រោម ស្ថិតក្នុងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយពីការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ បានជោគជ័យ ប្រទេស យើងរួបរួមគ្នា គោលនយោបាយថ្មីដែលត្រូវបានដាក់ចេញភ្លាមនាពេលនោះ សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំរាជរដ្ឋាភិបាលនាពេលនោះបានផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការចំនួន បីធំៗ គឺ៖
ទី១. ការពង្រឹងភាពជឿរទុកចិត្តដើម្បីឱ្យសន្តិភាពរបស់យើងបានស្ថិតស្ថេរ កុំឱ្យចូលមកបាន តែមួយឆ្នាំ ពីរឆ្នាំ ចាប់ផ្តើមបែកចេញទៅវាយប្រយុទ្ធគ្នាជាថ្មីទៀតនៅតាមតំបន់ជាច្រើន។ ទី២. គឺសមាហរណកម្មខ្លួនយើងទៅលើកឆាកអន្តរជាតិ។
និងទី៣. គឺការដាក់ចេញនូវគោលនយោបាយនៃការអភិវឌ្ឍ កាត់បន្ថយភាពក្រីក្រ ហៅថាយុទ្ធសាស្ត្រត្រីកោណដែលបានដាក់ចេញសម្រាប់រយៈពេល ៥ឆ្នាំ នៅឆ្នាំ១៩៩៨ ដែលចំណុចទី៣នេះគឺជាចំណុចដ៏សំខាន់ ព្រោះវាពិតណាស់ការថែរក្សាសុខសន្តិភាពគឺជាគន្លឹះ និងការទុកចិត្តគ្នាកុំឱ្យមានការបែកបាក់ទៅវិញ។ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើជាមួយគ្នាគឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ ដោយមិនមែនអភិវឌ្ឍន៍តែនៅភ្នំពេញ អភិវឌ្ឍន៍តែនៅខេត្តព្រះសីហនុដែលមានសក្តានុពលស្រាប់នោះទេ គឺត្រូវអភិវឌ្ឍន៍នៅទូទាំងប្រទេស រួមទាំងនៅភាគឦសានរបស់យើង ដែលកន្លងទៅគឺមានភាពដាច់ពីគ្នាបើប្រៀបធៀបទៅនឹងខេត្តផ្សេងៗនៅទូទាំងប្រទេសគឺនៅភូមិភាគឦសានគឺយើងដាច់ ព្រោះយើងខ្វះហេដ្ឋារចនាសម្ព័ន្ធ យើងធនធានធម្មជាតិ ប៉ុន្តែពេលនោះនៅពេលដែលយើងចេញពីសង្គ្រាមខេត្តនៅភាគឦសានគឺមានកត្តាកំណត់ជាច្រើន រួមមាន ចំនួនប្រជាជនតិច និង ភាពមិនងាយស្រួលក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ តែឥឡូវនេះ មិនដូចមុនទៀតទេ គឺយើងមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងងាយស្រួល៕