ស្ថានភាពអតិផរណាតម្លៃទំនិញនៅកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ

0

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤នេះ អត្រាអតិផរណាតម្លៃទំនិញនៅកម្ពុជានឹងបន្តមានកំណើនក្នុងរង្វង់ ២,៧% ដោយសារការបន្តងើបវិញនៃសកម្មភាពចាយវាយ និងប្រើប្រាស់ក្នុងស្រុកស្របពេលដែលថ្លៃទំនិញអន្តរជាតិនៅបន្តរក្សាបានស្ថិរភាព។

យោងតាមរបាយការណ៍ស្តីពីក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៥-២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីបំណាច់ឆមាសទី១ឆ្នាំនេះបានអោយដឹងថាជាមួយនឹងអត្រាអតិផរណាខាងលើនេះ គឺស្ថិតក្នុងកម្រិតដែលយើងអាចគ្រប់គ្រងបាន។

សូមរំលឹកថា កាលពីឆ្នាំ២០២១ អត្រាអតិផរណាមានកម្រិត២,៩ភាគរយហើយកាលពីឆ្នាំ២០២២ អត្រាអតិផរណាបានឡើងដល់កម្រិត៥,៤ ភាគរយ ដោយសារផលិតផល សំខាន់ៗ មួយចំនួនបានធ្លាក់ចុះយ៉ាងខ្លាំង ព្រោះប្រេងឥន្ធនៈ និង ឧស្ម័នបានឡើងថ្លៃខ្ពស់។

ផ្ទុយទៅវិញអត្រាអតិផរណានេះបានចុះទាបបំផុតក្នុងឆ្នាំ២០២៣ គឺចំនួនតែ ២,១ ភាគរយ ដោយក្រុមអ្នកជំនាញអះអាងថា អត្រា អតិផរណាទាបបានឆ្លុះបញ្ចាំងពីភាពល្អប្រសើរនៃផលិតកម្មក្នុងស្រុករបស់កម្ពុជា។

សូមបញ្ជាក់ថា អតិផរណា គឺជារង្វាស់នៃអត្រាកើនឡើងនៃតម្លៃទំនិញ និងសេវាកម្មនៅក្នុងសេដ្ឋកិច្ចមួយ។ បើសិនជាអតិផរណាកើនឡើងខ្ពស់ នោះនឹងនាំឱ្យតម្លៃកាន់តែខ្ពស់ សម្រាប់តម្រូវការមូលដ្ឋានរបស់ប្រជាជន ដូចជាតម្លៃប្រេង ថ្លៃអាហារ វាអាចជះឥទ្ធិពលជាអវិជ្ជមានដល់សង្គម។ ក្នុងន័យបញ្ជាក់អោយងាយយល់វាមានការពាក់ព័ន្ធរវាងតម្រូវការនិងការផ្គត់ផ្គង់។បើតម្រូវការទំនិញកើនឡើង ប៉ុន្តែបរិមាណទំនិញសម្រាប់ការផ្គត់ផ្គង់មិនគ្រប់គ្រាន់នឹងធ្វើអោយតម្លៃទំនិញឡើងថ្លៃ នោះហើយជាកំណើនអតិផរណា។

អ្នកសេដ្ឋកិច្ចបានពន្យល់អំពីកត្តាដែលនាំ អោយកើតមានអតិផរណា៖

ក.អតិផរណាគឺបានបណ្តាលមកពីតម្រូវការសរុបមានការកើនឡើងចំពោះទំនិញនិងសេវាកម្មដែលធ្វើអោយថ្លៃកើនឡើង។

ខ.អតិផរណាដោយសារថ្លៃដើម ដូចជាប្រាក់ឈ្នួលបុគ្គលិក កម្មករ,ពន្ធ,ឬការកើនឡើងថ្លៃវត្ថុធាតុដើម ឬការនាំចូល។

គ.អតិផរណាដោយសារគោលនយោបាយរូបិយវត្ថុ៖ ប្រសិនបើការផ្គត់ផ្គង់រូបិយវត្ថុច្រើនពេកនោះ នឹងធ្វើអោយតំលៃរបស់វាធ្លាក់ចុះ ជាលទ្ធផលគឺថាថ្លៃនៃគ្រប់ទំនិញច្បាស់ជាកើនឡើង។នៅពេលធនាគារកណ្តាលសំរេចបន្ថែមបរិមាណរូបិយវត្ថុក្នុងអត្រាខ្ពស់ជាងអត្រាកំណើនរបស់សេដ្ឋកិច្ចតម្លៃនៃប្រាក់អាចធ្លាក់ចុះ ។

ឃ.អតិផរណាដោយសារបំណុលជាតិ៖ក្នុងករណីបំណុលជាតិនៃប្រទេសណាមួយកើនឡើង រដ្ឋាភិបាលមានជំរើស២គឺបង្កើនពន្ធ និងបោះពុម្ភលុយបន្ថែមដើម្បីសងបំណុល។ពន្ធកើនឡើងនឹងបណ្តាលអោយថ្លៃទំនិញនិងសេវាកម្មកើនឡើងដូចគ្នា។ ការបោះពុម្ភលុយបន្ថែមនឹងប៉ះពាល់ដោយផ្ទាល់ក្នុងការផ្គត់ផ្គង់លុយដែលធ្វើអោយធ្លាក់ចុះតំលៃរូបិយវត្ថុរីឯថ្លៃទំនិញនិងសេវាកម្មកើនឡើង។

ង.អតិផរណាដោយសារអត្រាប្តូរប្រាក់៖នៅក្នុងសេដ្ឋកិច្ចពិភពលោក ការកើនឡើងអត្រាប្តូរប្រាក់គឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់បំផុតក្នុងការកំណត់អត្រាអតិផរណារបស់យើង។នៅពេលអត្រាប្តូរប្រាក់នៃប្រាក់ដុល្លារធ្លាក់ចុះបានធ្វើអោយរូបិយវត្ថុអាមេរិកមិនសូវមានតម្លៃដោយប្រៀបធៀបនឹង រូបិយប័ណ្ណបរទេសនេះវាធ្វើឱ្យទំនិញប្រើប្រាស់បរទេសដែលនាំចូលនឹងមានតម្លៃថ្លៃដែរ។

ការប្រែប្រួលកម្រិតអត្រាអតិផរណានៅក្នុងសង្គមមួយបានជៈឥទ្ធពលវិជ្ជមានឬអវិជ្ជមានទៅលើអ្នកប្រើប្រាស់(ជីវភាពប្រជាពលរដ្ឋ)និងអ្នកផលិត(វិនិយោគិន)។

ផ្ទុយទៅវិញក្នុងករណីអតិផរណាធ្លាក់ចុះទាបហួសហេតុបានន័យថា ទំនិញគ្មានទីផ្សារពោលគឺឱកាសវិនិយោគកាន់តែតិច។

ដើម្បីដោះស្រាយបញ្ហានេះ កាលពីសប្តាហ៍មុន ធនាគារជាតិនៃកម្ពុជាបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងមួយដែលមានសមាសភាពមន្ត្រីមកវិទ្យាស្ថានជាតិស្ថិតិនៃ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យមើលលើសូចនាករសមិទ្ធកម្មគន្លឹះស្តីពី អតិផរណា តាមរយៈពង្រឹងកិច្ចសហការតាមដាន ចែករំលែកព័ត៌មាន ការវិភាគវាយតម្លៃនិងព្យាករណ៍ និងការអនុវត្តវិធានការនិងគោលនយោបាយគ្រប់គ្រងសម្ពាធអតិផរណាឱ្យកាន់តែមានប្រសិទ្ធភាព៕