ភ្នំពេញ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនអ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និងលោក Laurent STAUCH នាយកប្រតិបត្តិនៃក្រុមហ៊ុន Overenden/Smarteden ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពីការលើកកម្ពស់ការនាំចេញផលិតផលកសិកម្មខ្មែរទៅកាន់ទីផ្សារអឺរ៉ុប។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ដ្រី ក៏បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និង ក្រុមហ៊ុន Overenden/Smarteden លើផលិតផលកសិកម្មចំនួន ៣មុខ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត។
យោងតាមការបញ្ជាក់ ផលិតផលទាំង៣មុខនេះ នឹងចាប់ផ្តើមនាំចូលទៅកាន់ទីផ្សារអឺរ៉ុប នៅចុងខែតុលា ឆ្នាំ២០២៤នេះ៕