២សប្តាហ៍មកនេះ ករណីក្មេងទំនើងមានតិចបំផុតនៅទូទាំងប្រទេស !

0

ភ្នំពេញ ៖ រយៈពេល​២​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៨ ខែតុលា ករណី​ក្មេង​ទំនើង​នៅ​ទូ​ទាំង​ប្រទេស មាន​សភាព​ស្ងប់ស្ងាត់​គួរ​ឱ្យ​កត់សម្គាល់ និង​ស្ទើរតែ​គ្មាន​ករណី​ណា​កើតឡើង​ទាល់តែ​សោះ និយាយ​រួម​គឺ​មាន​ត្រឹម​ជាង​១០ ករណី​តែ​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​ការ​រំខាន​ណាមួយ​ដល់​ប្រជាពលរដ្ឋ​ដែរ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុ​ឃ​:​។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុ​ឃៈ បាន​កត់​សម្គាល់ថា នេះ​ជា​លទ្ធផល​មួយ​គួរ​ឱ្យ​ស្ងប់​ស្ងែ​ង​ជាទី​បំផុត ហើយ​ជា​មូលហេតុ​មួយ ដែល​បណ្តា​យុវជន ក៏​ដូច​ជា​ក្រុម​ក្មេង​ទំនើង​មួយ​ចំនួន ហាក់​មានការ​យល់​ដឹង​ច្រើន និង​ជ្រួតជ្រាប​នូវ​អ្វី​ដែល​ជា​ផល​ចំណេញ ស្វែងរក​នូវ​ចំណេះ​ជំនាញ ដើម្បី​បំពេញតម្រូវការ​របស់​ខ្លួន ដោយ​បាន​ងាក​ទៅ​អនុវត្ត​ការងារ​ដែល​ត្រឹមត្រូវ ប្រព្រឹត្ត​នូវ​ទ​ង្វើ​ល្អ​ៗ ដែល​ជា​ប្រយោជន៍​ដល់​គ្រួសារ និង​ប្រទេស​ជាតិ​។

លោក​បន្ថែម​ថា នេះ​គឺជា​ប្រការ​មួយ​ដ៏​ល្អ ក្នុង​ការ​ចូលរួម ស្តាប់បង្គាប់ និង​អនុវត្ត​តាម​ការ​ណែនាំ របស់​ថ្នាក់ដឹកនាំ​កំពូល​ៗ ជា​ពិសេស​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នឹង​កំពុង​យកចិត្តទុកដាក់ ជំរុញ​ឱ្យ​អនុវត្ត​យ៉ាង​សកម្ម នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​។

បើ​តាម​លោក​បណ្ឌិត ទូច សុ​ឃៈ ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​យុវជន សិស្សានុសិស្ស ក៏​ដូច​ជា​អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ គឺ​បាន​បញ្ជាក់​ពី​ឥទ្ធិពល​នៃ​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​-​ភូម​-​ឃុំ​-​សង្កាត់​-​មាន​សុវត្ថិភាព របស់​ប្រមុខ​រាជរដ្ឋាភិបាល កំពុង​រីក​ដុះដាល​ជា​ខ្លាំង និង​ទទួលលទ្ធផល​គួរ​ជាទី​គាប់ប្រសើរ ក្នុង​នោះ កម្លាំង​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ធានា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ​និង​សង្គម​ជាតិ​ទាំងមូល​។

ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​-​ភូមិ​-​ឃុំ​-​សង្កាត់​-​មាន​សុវត្ថិភាព ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​អាទិភាព​ចំនួន​៦ ព្រមទាំង​បាន​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដល់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្កើន​ការ​យកចិត្តទុកដាក់ ទប់ស្កាត់ បង្ការ និង​បង្ក្រាប នូវ​រាល់​បទល្មើស​ផ្សេង​ៗ​ក្នុង​សង្គម ស្រប​តាម​ទិស​ស្លោក «​អ្វី​ៗ​ធ្វើ​ដើម្បី​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​»៕