ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ បានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញ គិតត្រឹមម៉ោង ១២៖៤៧នាទីយប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយមិនមានប្រជាពលរដ្ឋរងគ្រោះបាត់បង់អាយុជីវិតឡើយ។
នៅល្ងាចថ្ងៃទី១៨ តុលា មានករណីជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ ធ្វើឱ្យទឹកហូរជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់របស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា «ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ បានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយ គិតត្រឹមម៉ោង ១២៖៤៧យប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយឡែកក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលបានបាត់បង់សម្ភារប្រើប្រាស់ស្បោងអាហារ នៅព្រឹកថ្ងៃទី១៩»។
លោកជំទាវ អភិបាលខេត្ត ក៏បានដំណឹងដល់ប្រជាពលរដ្ឋជាម្ចាស់ម៉ូតូ បានចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូ បានហូរតាមទឹក សូមអញ្ជើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយ ឯកសារបញ្ចាក់ជាម្ចាស់កម្មសិទ្ធ ក្រុមការងាររដ្ឋបាលខេត្ត នៅរង់ចាំពិនិត្យប្រគល់ជូនវិញ ចាប់ពីព្រឹកថ្ងៃទី១៩ (បញ្ជាក់ ម៉ូតូ ក្រុមការងារសង្គ្រោះរក្សាទុកជូនមានចំនួន ៣៤គ្រឿង) នៅបាត់ម៉ូតូមួយចំនួន និងម៉ូតូកង់បី ២គ្រឿង ក្រុមការងារកំពុងស្វែងរកបន្តទៀត។
លោកជំទាវ អភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា «សូមពុកម៉ែបងប្អូនទទួលបានសុខសុវត្តិភាពគ្រប់ៗគ្នា ក្រុមការងារ កងកម្លាំងប្រចាំការ នៅជាមួយបងប្អូន ២៤ម៉ោង រហូតដល់សភាពការណ៍ល្អប្រសើរធម្មតាវិញ។ ច្រកទ្វារអន្តរជាតិព្រំ បានបើកដំណើរការជាធម្មតាបន្ទាប់ពីទទួលរងទឹកជំនន់ បិទអស់រយៈពេល ៥ម៉ោង នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤»។
លោកជំទាវ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះកងកម្លាំងគណៈបញ្ជាការឯកភាពទាំងបី កម្លាំងយុវជន កម្លាំងមូលដ្ធានទាំងអស់ បានចូលរួមយ៉ាងសកម្ម ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ លោកជំទាវ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារច្រកទ្វារភាគីថៃ បានសហការសម្របសម្រួលបើកច្រកទ្វារព្រំដែន ដើម្បីជួយឱ្យអ្នកធ្វើដំណើរ និងរថយន្តដឹកទំនិញឆ្លងគ្មានកំណត់ពេលវេលា ដើម្បីជៀសវាងការខកស្ទះចរាចរណ៍។ លោកជំទាវ ថា «ក្រុមការងារ បានជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា ដោយមិនមានប្រជាពលរដ្ឋរងគ្រោះបាត់បង់អាយុជីវិតឡើយ»៕