សៀមរាប៖ សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តពន្ធដារ ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញស្របតាមវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល។
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាប។
ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលស្ថិតនៅខេត្តសៀមរាប ត្រូវទទួលបានការលើកទឹកចិត្តពន្ធដារដូចខាងក្រោម៖ ១- លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅគិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ ២- លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤។ ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែលសហគ្រាសបានបង់រួចនឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៥។ ៣- មិនទទួលរងការធ្វើសវនកម្មពន្ធដារសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤។
ក្នុងអំឡុងពេលនៃការលើកទឹកចិត្តពន្ធដារដូចមានចែងក្នុងប្រការ៣ នៃប្រកាសនេះសហគ្រាសនៅតែមានកាតព្វកិច្ចដូចខាងក្រោម៖
១- អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំត្រូវដាក់លិខិតប្រកាសពន្ធអាករដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (e-Filing) ជារៀងរាល់ខែ និងត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (Tol e-Filing) ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។ ដោយឡែក អ្នកជាប់ពន្ធតូច ត្រូវដាក់លិខិតប្រកាសពន្ធទៅតាមទម្រង់ពេលវេលា និងទីកន្លែងដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ឬអាចដាក់លិខិតប្រកាសពន្ធតាមរយៈកម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។ ២- អ្នកជាប់ពន្ធ ត្រូវកាន់កត់ត្រា និងថែរក្សាឯកសារបញ្ជីកាគណនេយ្យនិងព័ត៌មានដែលទាក់ទិននឹង សកម្មភាពអាជីវកម្ម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រសាសន៍បញ្ជាក់ថា ដើម្បីបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ សម្តេចធិបតីបានសម្រេចបន្តសុពលភាពនៃការលើកលែងដដែលនេះមួយឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ បន្ថែមលើការងារការលើកលែងពន្ធនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកាចំនួន ៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេសជូនប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប»។
ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ ជាពិសេសនៅខេត្តសៀមរាប នៅមានតួអង្គនិងកិច្ចការសំខាន់ៗមួយចំនួនទៀត ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ ដើម្បីជួយជម្រុញទេសចរនៅទីនោះក្រៅពីវិធានពន្ធដារ ដែលពាក់ព័ន្ធនិងមគ្គុទេ្ទសក៍ទេសចរណ៍ ដែលជាតួអង្គសំខាន់ក្នុងការបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិពីប្រវត្តិសាស្ត្រ អត្ថន័យនៃប្រាសាទ និងពន្យល់ពីប្រវត្តិសាស្ត្ររបស់ជាតិ។នេះបើតាមការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី៕