ក្រុម​ធនាគារពិភពលោក នឹងបន្ត​ជំរុញដល់​ការ​វិនិយោគនៅកម្ពុជា និងលើក​កម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន ជាពិសេសលើ​វិស័យហេដ្ឋារចនាសម្ព័ន្ធ

0

ភ្នំពេញ៖ ពីទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ធនាគារ​ពិភពលោកបានបញ្ជាក់ជាផ្លូវការថា ក្របខ័ណ្ឌ​ភាព​ជា​ដៃគូថ្មី​ប្រចាំ​ប្រទេស (CPF) សម្រាប់កម្ពុជា ឆ្នាំ​២០២៥-២០២៩ នឹងចូលរួម​ដោះស្រាយគោលដៅប្រទាក់ក្រឡាគ្នា​ចំនួនបី៖ ការកែ​លម្អ​សុខភាព និងការអប់រំឱ្យ​ប្រសើរឡើង, ការលើកកម្ពស់ភាព​ប្រកួតប្រជែង និងការពង្រឹង​ភាព​​ធន់នៃក្រុម​គ្រួសារដែលងាយ​រងគ្រោះ។ ក្របខ័ណ្ឌថ្មីនេះបានពិភាក្សាដោយក្រុមធនាគារពិភពលោកកាលពីថ្ងៃអង្គារនេះ(១៦តុលា)។ជាមួយគ្នានេះរយៈពេលប្រាំឆ្នាំខាងមុខ ផ្នែកទាំងបីរបស់ក្រុម​ធនាគារពិភពលោក មានទីភ្នាក់ងារអភិវឌ្ឍន៍​អន្តរជាតិ (IDA) សាជីវកម្មហិរញ្ញវត្ថុ​អន្តរជាតិ (IFC) និងទីភ្នាក់​ងារពហុ​ភាគីធានាការវិនិយោគ (MIGA) នឹងបន្ត​ជំរុញដល់​ការ​វិនិយោគនៅ​កម្ពុជា និងលើកកម្ពស់ភាពជាដៃគូសាធារណៈ និង​ឯកជន ជាពិសេស​លើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ប្រភពធនាគារពិភពលោកប្រចាំកម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៧ ខែតុលា​ថា​ផែនការសកម្មភាពយេនឌ័រដែលបានធ្វើបច្ចុប្បន្នភាព​នឹងផ្តល់ជា​មូលដ្ឋានសម្រាប់ដោះស្រាយគម្លាតយេនឌ័រក្នុងការឈានទៅការអប់រំមធ្យមសិក្សា និងលើកកម្ពស់ទិន្នន័យយេនឌ័រឱ្យ​កាន់តែប្រសើរឡើង។ ក្របខ័ណ្ឌថ្មីនេះក៏នឹងផ្តោតដែរទៅលើ​ការ​កសាងគណនេយ្យភាព​សម្រាប់​បណ្តា​គម្រោង​ផ្តល់សេវា​ ​ការ​ពង្រឹង​ស្តង់ដាធានាការទុក​ចិត្តលើវិស័យសាធារណៈ​, និង​ផ្តោតលើការបន្ត​ការ​ត្រួតពិនិត្យពីលើ និង​ផ្តល់​ប្រឹក្សា​អំពី​យន្តការសម្រាប់​​ដោះ​ស្រាយ​បណ្តឹងតវ៉ា/បណ្តឹងសាទុក្ខនានា ដែលអាចកើតមាន។

ឯកសារក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេសនេះ ​បាន​គូសបញ្ជាក់​អំពី​បណ្តា​អាទិភាពសម្រាប់កម្មវិធីនានា​របស់ក្រុម​ធនាគារពិភព​លោក សម្រាប់​​​ជួយ​ដល់កម្ពុជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ក្របខ័ណ្ឌនេះ​ត្រូវ​បាន​រៀបចំឡើងដោយ​ផ្អែក​លើ​​ឯកសារវិភាគ​អំពីបញ្ហា​ប្រឈមនានា​នៅ​ក្នុង​កិច្ច​អភិវឌ្ឍន៍​របស់ប្រទេស, យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជ​រដ្ឋាភិបាល​កម្ពុជា និងកិច្ច​ពិគ្រោះ​យោបល់​​ជាមួយ​ភាគីពាក់ព័ន្ធជា​ច្រើន។

លោកស្រី ម៉ារីយ៉ាម ស្ហ៊ឺមែន (Mariam Sherman) នាយិកា​ធនាគារពិភពលោកប្រចាំកម្ពុជា ឡាវ និង​វៀតណាម មានប្រសាសន៍​ថា៖ “ការផ្តោតជាគន្លឹះសម្រាប់ការចូលរួមរបស់យើងគឺការលើក​កម្ពស់មូលធនមនុស្ស ជាពិសេសគឺការអប់រំជាមូលដ្ឋាន និង​មូលដ្ឋាន​គ្រឹះនៃជំនាញ”។ លោកស្រី​បន្ថែមថា៖ “កម្មវិធីថ្មីនេះ​ក៏នឹង សង្កត់ធ្ងន់​លើការកាត់បន្ថយ​ភាពក្រីក្រ​តាម​រយៈ​ការ​ជំរុញ​​ការវិនិយោគលើ​វិស័យសុខាភិបាល និងការអប់រំ, ជួយបង្កើតការងារ និងការការពារ​ជីវភាព​រស់នៅរបស់​ក្រុម​គ្រួសារ​ដែល​​ងាយរងគ្រោះ រួមទាំងការពង្រឹង​ភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។”

ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ផ្នែកទាំងបីរបស់ក្រុម​ធនាគារពិភពលោក មានទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ (IDA) សាជីវកម្មហិរញ្ញវត្ថុ​អន្តរជាតិ (IFC) និងទីភ្នាក់ងារពហុភាគីធានាការវិនិយោគ (MIGA) នឹងបន្ត​ជំរុញដល់​ការ​វិនិយោគនៅកម្ពុជា និងលើកកម្ពស់​ភាពជា​ដៃគូ​សាធារណៈ និងឯកជន ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ចំណែកលោកស្រី Kim-See Lim នាយក IFC ប្រចាំតំបន់​អាស៊ីបូព៌ា និង ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “IFC និងក្រុមធនាគារពិភព​លោកកំពុងតែជំរុញឱ្យមានការចូលរួមរបស់វិស័យឯកជននៅកម្ពុជា ឱ្យបានស្វាហាប់ និងប្រកបដោយការប្រកួតប្រជែង។” លោកស្រីមាន​ប្រសាសន៍បន្ថែមថា៖ “យើងនឹងបន្តការគាំទ្ររបស់យើងដល់ការពង្រឹង​កិច្ចការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុ និងការផ្តល់​ប្រាក់កម្ចីប្រកបដោយ​ទំនួលខុសត្រូវ, ជំរុញដល់ការរៀបចំបង្កើតទីផ្សារហិរញ្ញប្បទានបៃតង, និងជួយកម្ពុជាក្នុង​ការទាក់ទាញទុន​ឯកជនសម្រាប់វិស័យហេដ្ឋា​រចនាសម្ព័ន្ធ ដូចជាថាមពល និងការដឹកជញ្ជូន ជាពិសេសតាមរយៈ​ភាពជាដៃគូ​សាធារណៈនិងឯកជន។