ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្រោមកិច្ចយកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករ តាមរយៈការសហការគាំទ្រដោយ សហគ្រិនខ្មែរ Khmer Enterprise នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈគម្រោងហាវែស III Cambodia Harvest III សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំក្រុមហ៊ុននាំចេញចំនួន ១២ទៅចូលរួមតាំងបង្ហាញនូវផលិតផលអង្ករដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានអង្ករល្អបំផុតពិភពលោក នៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។
ការចូលរួមព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris លើកនេះ គឺជាការចូលរួមលើកទី២ របស់សហព័ន្ធស្រូវអង្ករកម្ពុជានិងបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ ៨០ ម៉ែត្រការ៉េ បន្ទាប់ពីការចូលរួមលើកទី១ នៅក្នុងឆ្នាំ២០១៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានគូសរំលេចថា គោលបំណងនៃការចូលរួមព្រឹត្តិការណ៍តាំងពិរព័រណ៍នេះ គឺដើម្បីធ្វើពិពិធកម្មទីផ្សារដែលស្របទៅតាមគោលនយោបាលរបស់រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ លើបទដ្ឋានស្តង់ដារ និងលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការក្នុងការជំរុញផលិតផលចូលទីផ្សារ និងការដាំដុះតម្រូវតាមទីផ្សារ។
អស់រយៈពេល៦០ឆ្នាំមកហើយ ព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris បានក្លាយជាវេទិកាមួយសម្រាប់ឧស្សាហកម្មម្ហូបអាហារទាំងមូល និងជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់ក៏ដូចជាតម្រូវការអាហារពិភពលោកដោយផ្តោតលើការច្នៃប្រឌិត។
ប្រទេសកម្ពុជាវិញ សម្រាប់តែប្រភេទ ស្រូវ «ផ្ការំដួល» គឺជាពូជស្រូវក្រអូបដែលត្រូវបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនប្រជាកសិករប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ១៩៩៩ បន្ទាប់ពីបានសិក្សា និងពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំក្រោមកិច្ចគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ជាពិសេសរដ្ឋាភិបាលអូស្ត្រាលី រហូតទទួលបានមោទនភាពលើឆាកអន្តរជាតិក្នុងនាមជាអង្ករកម្ពុជាដែលល្អដាច់គេបំផុតជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំនៅខេត្តភូកេត ប្រទេសថៃ ៕