ភ្នំពេញ៖ មហាវិថីចំនួន២នៅរាជធានីភ្នំពេញ គឺមហាវិថីព្រះនរោត្តម និងមហាវិថីព្រះស៊ីសុវត្ថិ គ្រោងនឹងរៀបចំកែលម្អឱ្យប្រសើរឡើងដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ថា អេអាយ(AI)។គម្រោងនេះត្រូវបានបង្ហើបឱ្យដឹងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយមួយកាលពីដើមសប្ដាហ៍មុន ។
ក្នុងអង្គសិក្ខាសាលានេះឯកឧត្តម លាង មុនីរឹទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នរូបនីយកម្ម និងសំណង់បានលើកឡើងថា តំបន់មួយចំនួនដែលស្ថិតនៅតាមមហាវិថីទាំង២នេះ នឹងត្រូវធ្វើការសិក្សាសាកល្បងអភិវឌ្ឍន៍ និងកែលម្អលើកកម្ពស់សោភណភាពតាមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យ អេអាយ សាកល្បងមើលថា វានឹងត្រូវចេញរូបរាងបែបណា ។
នៅក្នុងសិក្ខាសាលាដដែលនេះ លោក ប្រេន វុង(Brian Wong) អ្នកជំនាញស្ថាបត្យកម្មមកពីប្រទេសសិង្ហបុរី បានលើកយកពីបទពិសោធន៍នៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសសិង្ហបុរី មកចែកជូនដល់អ្នកជំនាញ និងអ្នកចូលរួមកម្ពុជារាប់រយនាក់ ។ក៏មានការធ្វើបទបង្ហាញពីលោក ស៊ីម តារា អ្នកជំនាញបញ្ញាសិប្បនិម្មិតកម្ពុជា ដោយកត់សម្គាល់ពីសារសំខាន់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដល់សិក្ខាកាមចូលរួមក្នុងពេលនោះផងដែរ ។
គួររំលឹកថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់បានលើកពីគម្រោងអភិវឌ្ឍន៍មហាវិថីក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរផងដែរ។ ជាពិសេសចង់ឱ្យមានការរៀបចំមានផ្លូវដើរ ដើម្បីជំរុញឱ្យពលរដ្ឋក្នុងក្រុងភ្នំពេញដើរឱ្យបានច្រើន ដូចជា ដើរទៅធ្វើការ ដើរទៅផ្សារ ដើរទៅសាលារៀន ឬដើរហាត់ប្រាណជាដើម ។
ឯកឧត្តមបានបង្ហាញនូវការកត់សម្គាល់ថា ពលរដ្ឋក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន ភាគច្រើនជិះម៉ូតូ និងរថយន្ត ច្រើនជាងជិះកង់ និងដើរ ដោយសារតែផ្លូវមួយចំនួនមិនទាន់មានផ្លូវសម្រាប់ថ្មើរជើង។ ដូច្នេះហើយទើបពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅតែបន្តប្រើយានយន្តទោះបីទៅកាន់ទីកន្លែងដែលនៅជិតៗក្ដី ជាមូលហេតុបង្ករឱ្យការកកស្ទះចរាចរណ៍ជាញឹកញាប់ ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានរៀបចំសិក្ខាសាលាមួយនិយាយពីការរៀបចំលំនៅឋានតាមលំនាំទីក្រុងហុងកុង ដោយបានអញ្ជើញអ្នកជំនាញពីទីក្រុងហុងកុងមកចែករំលែកបទពិសោធន៍ក្នុងការរៀបចំលំនៅឋាននៅក្រុងហុងកុង ដល់អ្នកអភិវឌ្ឍន៍លំនៅឋាន និងជំនាញស្ថាបត្យកម្មកម្ពុជាផងដែរ ។
ក្នុងឆ្នាំ២០២៤នេះ ជាពិសេសនៅក្នុងអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវផែនការ និងយុទ្ធសាស្ត្រថ្មីៗជាបន្តបន្ទាប់ ដើម្បីរៀបចំក្រុងនានានៅទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់សោភណភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ ពោលគឺការរៀបចំក្រុងឱ្យពលរដ្ឋបញ្ចេញសកម្មភាពជាងមុន ៕