កណ្តាល៖ ក្រុមការងារការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត និងក្លែងបន្លំ (ក.ប.ប) សហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តកណ្តាល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានចុះពិនិត្យស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគ ក្នុងពិធីប្រណាំងទូកក្រុងតាខ្មៅ ដើម្បីយកទៅធ្វើតេស្តក្នុងមន្ទីរពិសោធន៍រថយន្តចលត័ ដើម្បីស្វែងរកសារធាតុហាមឃាត់ក្នុងចំណីអាហារ ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ តាមរយៈម៉ាសុីនទំនើប។
ក្នុងឱកាសនោះ ក្រុមការងារក.ប.ប បានណែនាំដល់ពាណិជ្ជករ និងអាជីវករ ដែលបានចូលរួមតាំងពិព័រណ៍ ផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគទាំងអស់ ត្រូវរៀបចំទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ មានសុវត្តិភាព និងអនាម័យល្អ ដើម្បីបម្រើប្រជាពលរដ្ឋ ប្រកបដោយសុខសុវត្តិភាព ។
គួរបញ្ជាក់ថា ឆ្នាំនេះក្នុងព្រឹត្តិការណ៍ប្រណាំងទូកក្រុងតាខ្មៅរដ្ឋបាល ខេត្តកណ្តាលបានរៀបចំស្តង់ពិព័រណ៍ចំនួន១១២ស្តង់ ក្នុងនោះស្តង់ភូមិ១ផលិតផល១ ចំនួន៣០ស្តង់ និងស្តង់លក់ផលិតផលខ្មែរ និងម្ហូបអាហារ ចំនួន៨២ស្តង់៕